(យូអិន)៖ ប្រភពពីក្រុមអ្នកការទូតបានបង្ហើបថា មហាសន្និបាតនៃអង្គការសហប្រជាជាតិ (UNGA) ត្រូវគេរំពឹងថានឹងរៀបចំ ការបោះឆ្នោតម្តងទៀតនៅសប្តាហ៍នេះ ដើម្បីស្វែងរកការគាំទ្រឲ្យរុស្ស៊ីបញ្ឈប់ការវាយប្រហារ ដែលបានបង្កើតឲ្យមានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ, ទទូចឱ្យបើកផ្លូវផ្តល់ជំនួយ និងទាមទារសាជាថ្មីឲ្យទីក្រុងមូស្គូបញ្ឈប់ការប្រយុទ្ធគ្នា ហើយដកកងទ័ពចេញពីអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ប្រទេសអ៊ុយក្រែន, សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងព្យាយាមពង្រឹងបន្ថែមសំឡេងគាំទ្រចំនួន ១៤១សំឡេង នៅក្នុងសេចក្តីសម្រេចមួយ ដែលមហាសន្និបាតបានអនុម័ត កាលពីថ្ងៃទី២ ខែមីនា កន្លងទៅ ដើម្បីថ្កោលទោសប្រតិបត្តិការយោធារបស់ទីក្រុងមូស្គូ នៅប្រទេសអ៊ុយក្រែន និងទាមទារឱ្យរុស្ស៉ីដកកងទ័ពចេញ ដោយគ្មានលក្ខខណ្ឌ។ ពេលនោះប្រទេសចំនួន៥ រួមមានរុស្ស៉ី បេឡារុស អេរីត្រេ កូរ៉េខាងជើង និងស៉ីរី បានបោះឆ្នោតជំទាស់ និង៣៥ប្រទេសទៀត រួមមានទាំងចិន បានធ្វើអនុប្បវាទ។

សេចក្តីសម្រេចមួយទៀត រៀបចំដោយអ៊ុយក្រែននិងសម្ព័ន្ធមិត្ត ដែលទំនងជានឹងត្រូវដាក់ឱ្យបោះឆ្នោត ក្នុងសប្តាហ៍នេះ នឹងផ្តោតជាសំខាន់ទៅលើ ស្ថានការណ៍មនុស្សធម៌នៅអ៊ុយក្រែន ដោយទាមទារឱ្យមានការការពារសម្រាប់ជនស៉ីវិល គ្រូពេទ្យ បុគ្គលិកការងារមនុស្សធម៌, អ្នកកាសែត, រួមជាមួយមន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធស៉ីវិលដទៃទៀត។

គួរបញ្ជាក់ថា ខណៈសេចក្តីសម្រេចរបស់ មហាសន្និបាត UN ពុំចាំបាច់ត្រូវតែអនុវត្តតាមឡើយនោះ គឺវាមានទម្ងន់ផ្នែកនយោបាយ។ ការបោះឆ្នោតកាលពីថ្ងៃទី០២ ខែមីនា បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់ពី គោលជំហររបស់សហគមន៍អន្តរជាតិ ចំពោះប្រតិបត្តិការយោធារបស់រុស្ស៉ីនៅអ៊ុយក្រែន៕