(ប៉េកាំង)៖ «ពាក្យសម្តីអំពីការដែលភាគីចិនផ្តល់ជំនួយយោធាទៅឱ្យភាគីរុស្ស៊ី គឺជាព័ត៌មានក្លែងក្លាយ ហើយយើងប្រឆាំងចំពោះរឿងនេះ។» កាលពីថ្ងៃទី២០ ខែមីនា តាមម៉ោងក្នុងតំបន់ ពេលផ្តល់បទសម្ភាសន៍ជាមួយ ក្រុមហ៊ុនវិទ្យុផ្សាយសំឡេងកូឡុំប៊ីរបស់អាមេរិក CBS លោក Qin Gang ឯកអគ្គរដ្ឋទូតចិនប្រចាំនៅសហរដ្ឋអាមេរិក បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ដែលឆ្លៀតយកបញ្ហាអ៊ុយក្រែន ប្រឌិតពាក្យចចាមអារ៉ាម និងមួលបង្កាច់ភាគីចិន។

មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា នៅពេលមុននិងក្រោយនៃការផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន អ្នកនយោបាយនិងប្រព័ន្ធសារព័ត៌មានមួយចំនួន របស់សហរដ្ឋអាមេរិក បានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធប្រទេសចិនឥតឈប់ឈរ។ ក្នុងនោះ ការប្រឌិតពាក្យចចាមអារ៉ាមថា ចិនប្រហែលនឹងផ្តល់ជំនួយយោធាចំពោះរុស្ស៊ី នេះគឺជាការមួលបង្កាច់របស់សហរដ្ឋអាមេរិក ហើយប្រទេសប៉ែកខាងលិច ក៏ធ្វើតាមសហរដ្ឋអាមេរិកដែរ។

ឧបាយកលដែលប្រើប្រាស់អនុត្តរភាពបែបអាមេរិក និងនិយាយពាក្យកុហកដោយផ្តេសផ្តាសបែបនេះ បើនិយាយចំពោះសហគមន៍អន្តរជាតិ វាមិនមែនជារឿងចម្លែកនោះទេ។

«យើងបោកប្រាស់ យើងនិយាយពាក្យកុហក យើងលួច» «ពាក្យសម្តីដ៏ល្បីឈ្មោះ» របស់លោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកដូចពោលខាងលើនេះ គឺជាការពន្យល់ដ៏ល្អបំផុតចំពោះការប្រឌិតព័ត៌មានក្លែងក្លាយបែបអាមេរិក។ លើកនេះឆ្លៀតយកបញ្ហាអ៊ុយក្រែនប្រឌិតព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធប្រទេសចិន គ្រាន់តែជាកលល្បិចចាស់ៗនៃ «ប្រទេសប៉ិនកុហក» ក្នុងគោលបំណងលាបពណ៌ប្រទេសចិន ញុះញង់បំបែកបំបាក់ទំនាក់ទំនងរវាងចិននិងរុស្ស៊ី ព្រមទាំងបង្វែរទំនាស់ទៅខាងក្រៅប៉ុណ្ណោះ។

នៅចំពោះមុខការពិត កលល្បិចរបស់ភាគីអាមេរិកគឺអាក្រក់និងគួរឱ្យអស់សំណើច។ ចាប់តាំងពីផ្ទុះវិបត្តិអ៊ុយក្រែនមក ភាគីចិនបានខិតខំប្រឹងប្រែងជំរុញឱ្យ ធ្វើការចរចាសន្តិភាពជាប់រហូតមក។ បច្ចុប្បន្ននេះ ភាគីចិនបានផ្តល់ជំនួយមនុស្សធម៌ជាច្រើនលើក ដល់អ៊ុយក្រែន បានផ្តល់ចំណីអាហារ ឱសថ ថង់ដេកនិងម្សៅទឹកដោះគោសម្រាប់ទារក ជាដើម ដល់ប្រជាជនក្នុងតំបន់ តែមិនមែនផ្តល់អាវុធនិងរំសេវដល់ភាគីណាមួយទេ។ ភាគីចិននៅបានថ្លែងទៀតថា យោងតាមការវិវឌ្ឍនៃស្ថានការណ៍និងតម្រូវការជាក់ស្តែង ភាគីចិននឹងបន្តផ្តល់ជំនួយមនុស្សធម៌ចំពោះភាគីអ៊ុយក្រែន។

ប៉ុន្តែក្រឡេកមើលសហរដ្ឋអាមេរិកដែលជាអ្នកបង្កវិបត្តិអ៊ុយក្រែនវិញ បន្ទាប់ពីផ្ទុះការប៉ះទង្គិចយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ភាគីអាមេរិកបានប្រមូលគ្នីគ្នាប្រទេសប៉ែកខាងលិច អនុវត្តការដាក់ទណ្ឌកម្មដោយគ្រប់ជ្រុងជ្រោយទៅលើរុស្ស៊ី ហើយផ្តល់ជំនួយយោធាជាច្រើនដល់ភាគីអ៊ុយក្រែន ទង្វើនេះហាក់ដូចជាយកសាំងមកចាក់លើភ្លើង ដែលធ្វើឱ្យវិបត្តិលើកនេះមានភាពកាន់តែអាប់អួរទៅៗ។ តាមអនុស្សរណៈដែលប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាកាលពីថ្ងៃទី១៦ខែមីនាឱ្យដឹងថា ក្រសួងការពារជាតិអាមេរិកនឹងផ្តល់ជំនួយជាអាវុធ ក្នុងតម្លៃ៨រយលានដុល្លារអាមេរិកទៀត ទៅឱ្យអ៊ុយក្រែន ក្នុងនោះ បូករួមទាំងអាវុធវាយលុកជាច្រើន។ មានបទអត្ថាធិប្បាយសម្គាល់ថា ប្រសិនបើសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ដល់ប្រជាជនអ៊ុយក្រែនយ៉ាងពិតប្រាកដ នោះគឺត្រូវតែជំរុញសន្តិភាពតែមិនមែនផ្តល់អាវុធនិងរំសេវនោះទេ។

ភាគីម្ខាងគឺផ្តល់ជំនួយយោធានិងបង្កើន ការដាក់ទណ្ឌកម្មដោយឯកតោភាគីឥតឈប់ឈរ ភាគីម្ខាងទៀតគឺខិតខំប្រឹងប្រែងជំរុញ ឱ្យធ្វើការចរចាសន្តិភាពនិងផ្តល់ជំនួយមនុស្សធម៌ តើភាគីអាមេរិកនិងភាគីចិន នរណាកំពុងបំផុសការធ្វើបដិបក្ខគ្នា នរណាកំពុងគាំពារសន្តិភាព សហគមន៍អន្តរជាតិគឺមានការវិនិច្ឆ័យដ៏យុត្តិធម៌របស់ខ្លួន៕