(មូស្គូ)៖ ស្នងការសិទ្ធិមនុស្សនៃប្រទេសរុស្ស៉ី លោកស្រី តាត់យ៉ាណា ម៉ូស្កាលកូវ៉ា (Tatyana Moskalkova) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បានឱ្យដឹងថា រុស្ស៉ីនិងអ៊ុយក្រែនទើបតែបានធ្វើការដោះដូរឈ្លើយសឹក ដោយទាហានរុស្ស៉ី៩នាក់ និងអភិបាលក្រុងអ៊ុយក្រែនម្នាក់ ត្រូវបានដោះលែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

លោកស្រីស្នងការសិទ្ធិមនុស្សរុស្ស៉ី បានប្រកាសពីដំណឹងខាងលើ កំលុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មាន RT។ លោកស្រី Moskalkova និយាយយ៉ាងដូច្នេះថា «ការដោះដូរអ្នកទោសសង្រ្គាម ត្រូវបានធ្វើឡើង។ ខាងរុស្ស៉ីទទួលបានទាហានរបស់យើង ៩នាក់ត្រឡប់មកវិញ»

គួរបញ្ជាក់ថា បើតាមលោកស្រី ទាហានរុស្ស៉ី៩នាក់នោះ ត្រូវបានដោះលែង ជាថ្នូរនឹងការដោះលែង អភិបាលនៃទីក្រុងមេលីតូប៉ូល (Melitopol) របស់អ៊ុយក្រែន គឺលោក អៃវ៉ាន់ ហ្វេដូរូវ (Ivan Fedorov) ដែលត្រូវបានកងទ័ពរុស្ស៉ីចាប់ខ្លួន៕