(ប៊ែលក្រាត)៖ ប្រធានាធិបតីស៊ែប៊ី លោក អាឡិចសាន់ដា វូស៊ីក (Aleksandar Vucic) បានស្នើដល់ប្រទេសប៊ុលហ្ការី ដែលជាប្រទេសជិតខាង កុំឲ្យបញ្ឈប់ការបញ្ជូនឧស្ម័នតាមបំពង់ ធឺកស្ទ្រីម (TurkStream) បន្ទាប់ពីប៊ុលហ្ការី បានប្រកាសថា នឹងមិនបន្តកិច្ចសន្យាជាមួយទីក្រុងមូស្គូឡើយ ដើម្បីដាក់សំពាធលើប្រទេសរុស្ស៊ី ជុំវិញប្រតិបត្តិការយោធារបស់ខ្លួន លើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

លោក វូស៊ីក បាននិយាយកាលពីពេលថ្មីៗនេះថា «វាមានសារៈសំខាន់ណាស់សម្រាប់យើង បើប៊ុលហ្ការីមិនបង្កភាពរាំងស្ទះ ចំពោះប្រតិបត្តិការនៃបំពង់ផ្ទេរឧស្ម័ន TurkStream។ ពោលគឺយើងចង់បានឧស្ម័នរុស្ស៉ីដែលបញ្ជូនតាមបំពង់នេះ ដូច្នេះហើយទុកឱ្យយើងទទួលវាទៅដោយពួកគយើងនឹងបង់ថ្លៃ សម្រាប់ការបញ្ជូនឧស្ម័នឆ្លងកាត់នេះ»

ឧបនាយករដ្ឋមន្រ្តីប៊ុលហ្ការី លោក អាសសិន វ៉ាសស៊ីឡេវ (Assen Vassilev) បាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅថា ប៊ុលហ្ការីនឹងមិនបន្តកិច្ចសន្យានាំឧស្ម័នជាមួយទីក្រុងមូស្គូឡើយ ក្រោមហេតុផលថា នៅប៉ុន្មានសប្តាហ៍ខាងមុខ នឹងមានកិច្ចពិភាក្សាគ្នាក្នុងកម្រិតអឺរ៉ុបតែម្តង ដើម្បីស្វែងរកកិច្ចសន្យានាំចូលឧស្ម័នរួមមួយ សម្រាប់សហភាពអឺរ៉ុបទាំងមូល។

គួរបញ្ជាក់ថា បំពង់ឧស្ម័ន បាល់កានស្ទ្រីម (Balkan Stream) ជាផ្នែកមួយនៃបំពង់ TurkStream ដែលបញ្ជូនឧស្ម័នរុស្ស៉ីបន្តមកពីតួកគី ដោយកាត់តាមប៊ុលហ្ការីនិងស៊ែប៊ី ទើបតែត្រូវបានដាក់ឲ្យដំណើរការ កាលពីឆ្នាំមុនប៉ុណ្ណោះ៕