(ព្រុចសែល)៖ ក្រុមរដ្ឋមន្រ្តីការបរទេសរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទនេះ មិនអាចស្វែងរកការឯកភាពគ្នាបាន ជុំវិញការពិចារណាចង់ដាក់ទណ្ឌកម្ម ទៅលើវិស័យថាមពលរបស់ប្រទេសរុស្ស៉ី ជាពិសេសគឺប្រេង ដើម្បីឆ្លើយតបចំពោះវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ដែលកំពុងបន្តអូសបន្លាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

កន្លងមកនេះ សហភាពអឺរ៉ុបនិងសម្ព័ន្ធមិត្ត បានដាក់ទណ្ឌកម្មធ្ងន់ធ្ងរៗមួយចំនួន រួចស្រេចទៅហើយប្រឆាំងនឹងរុស្ស៉ី ក្នុងនោះរួមមានទាំង ការបង្កកទ្រព្យសម្បត្តិរបស់ធានាកណ្តាលរុស្ស៉ីថែមទៀតផង។ យ៉ាងណាមិញ ការបន្តវាយប្រហារឥតស្រាកស្រាន្តរបស់រុស្ស៉ី លើអ៊ុយក្រែន កំពុងបង្កើនសម្ពាធឱ្យមានចំណាត់ការបន្ថែម។

ទោះជាបែបនេះក៏ដោយ ការដាក់គោលដៅលើ ការនាំចេញថាមពលរបស់ប្រទេសរុស្ស៉ី ដូចទៅនឹងអ្វីដែលសហរដ្ឋអាមេរិក រួមទាំង ចក្រភពអង់គ្លេសបានធ្វើនោះ គឺជាជម្រើសដែលពិបាកនឹងចុះសម្រុងគ្នាជាខ្លាំង សម្រាប់ប្លុកដែលមានសមាជិក២៧ប្រទេសនេះ ខណៈ EU សព្វថ្ងៃពឹងផ្អែកលើរុស្ស៉ី ដល់ទៅ៤០ភាគរយឯណោះ សម្រាប់បរិមាណឧស្ម័នដែលខ្លួនប្រើប្រាស់។

ប្រមុខគោលនយោបាយការបរទេសរបស់ EU គឺលោក ចូសេប បូរែល (Josep Borrel) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា EU នឹងបន្តធ្វើឱ្យរុស្ស៉ីនៅឯកោ ប៉ុន្តែការសម្រេចចិត្តរឹងមាំដោយមានការមូលមតិគ្នា នឹងធ្វើឡើងនាពេលក្រោយ។ យោងតាមប្រភពពី ក្រុមអ្នកការទូតអឺរ៉ុប ជម្រើសទណ្ឌកម្មដទៃទៀត ក៏ស្ថិតក្រោមការពិភាក្សាផងដែរ ដូចជាការបិទចន្លោះប្រហោង ក្នុងការប្រើប្រាស់មូលនិធិទំនុកចិត្ត ដោយក្រុមហាសេដ្ឋីរុស្ស៉ី, ការបន្ថែមឈ្មោះបុគ្គលនិងក្រុមហ៊ុនថ្មីៗចូលបញ្ជីទណ្ឌកម្ម, ការហាមឃាត់កប៉ាល់រុស្ស៉ី មិនឱ្យចូលកំពង់ផែ EU, និងការកាត់ផ្តាច់ធនាគារុស្ស៉ីបន្តបន្ទាប់ទៀត ពីប្រព័ន្ធទូរគមនាគមន៍-ហិរញ្ញវត្ថុសកល SWIFT ជាដើម។

គួរបញ្ជាក់ថា ទាំងអស់នេះនឹងត្រូវលើកមកពិភាក្សាម្តងទៀត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ពេលដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅដល់ទីក្រុងព្រុចសែលនៃប្រទេសបែលហ្ស៉ិក ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយសមាជិកទាំង៣០ របស់អង្គការ NATO ព្រមទាំងជាមួយ EU ហើយនិងក្រុមប្រទេស G7 ដែលរួមមានជប៉ុនផងដែរ ដើម្បីពង្រឹងការឆ្លើយតបរបស់លោកខាងលិច ចំពោះទីក្រុងមូស្គូ៕