(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) កាលពីថ្ងៃចន្ទសប្តាហ៍នេះ បាននិយាយថា កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តណាមួយ ដែលប្រទេសលោកសម្រេចបានជាមួយរុស្ស៉ី នឹងត្រូវឆ្លងកាត់ការធ្វើប្រជាមតិពីសំណាក់ ប្រជាជនអ៊ុយក្រែនពេញមួយប្រទេស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន លោក Zelensky បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានពន្យល់ប្រាប់ក្រុមអ្នកចរចា រួចរាល់ហើយថា នៅពេលពួកអ្នកជជែកអំពីការផ្លាស់ប្តូរផ្សេងៗ ហើយពួកវាអាចនឹងជាការផ្លាស់ប្តូរជាប្រវត្តិសាស្រ្ត យើងនឹងរៀបចំ ការធ្វើប្រជាមតិដើម្បីសម្រេច»

លោកប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមទៀតថា «ប្រជាជនអ៊ុយក្រែន នឹងមានសិទ្ធិបង្ហាញពីគោលជំហររបស់ពួកគេ ហើយផ្តល់ចម្លើយ ចំពោះការព្រមព្រៀងគ្នារវាងអ៊ុយក្រែននិងរុស្ស៉ី។ សម្រាប់ថាតើការព្រមព្រៀងគ្នានោះ នឹងមានអ្វីខ្លះ គឺវាអាស្រ័យលើការបន្តចរចាគ្នារវាងក្រុមមន្រ្តីអ៊ុយក្រែននិងភាគីរុស្ស៉ី»

គួរបញ្ជាក់ថា លោក Zelensky បានធ្វើការលើកឡើងដូចខាងលើ ដើម្បីឆ្លើយតបចំពោះសំណួរមួយ អំពីការទាមទាររបស់រុស្ស៉ី ដែលចង់ឱ្យអ៊ុយក្រែនផ្តល់ការធានាសន្តិសុខដល់តំបន់ជម្លោះដុនបាស់ រួមជាមួយការទទួលស្គាល់តំបន់គ្រីមៀ ដែលអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច នៅតែចាត់ទុកជាទឹកដីរបស់អ៊ុយក្រែន៕