(អឺរ៉ុប)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ សហភាពអឺរ៉ុប បានអនុម័ត «គោលនយោបាយការពារជាតិ» ដែលជាយុទ្ធសាស្រ្ត ការពារសន្តិសុខទូទៅសម្រាប់ប្លុក ទាំងមូល តាមរយៈការបង្កើតកងកម្លាំងពិសេសមួយមានកងទ័ព ៥,០០០នាក់ ដែលអាចនឹងត្រូវដាក់ពង្រាយក្នុងករណីមានវិបត្តិ។ នេះបើតាម ដកស្រង់ចេញផ្សាយពីសារព័ត៌មាន RT នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

រដ្ឋមន្រ្តីការបរទេសនៃប្រទេសឡេតូនី លោក អេដហ្កា រីនគេវីក (Edgars Rinkēvičs) បានបញ្ជាក់ដូច្នេះថា «សហភាពអឺរ៉ុបទើបតែបានអនុម័តគោលនយោបាយនេះ បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ និងរដ្ឋមន្រ្តីការបរទេសនៃប្រទេសជាសមាជិក ក្នុងទីក្រុងព្រុចសែល នៅព្រឹកថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់)។ លោកបន្ថែមថា «ផែនការនេះនឹងផ្តល់ការគាំទ្រចំាបាច់សម្រាប់អឺរ៉ុប ដើម្បីរួមគ្នាការពារជាក់ស្តែង ចំពោះមុខភូមិសាស្រ្តនយោបាយ និងសន្តិសុខ ជាមួយអង្គការ NATO ហើយនេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរសម្រាប់អនាគតយោធា របស់ប្លុកនេះប៉ុណ្ណោះ»។ ម្យ៉ាងវិញទៀត នេះជាការផ្លាស់ប្តូរជាប្រវត្តិសាស្រ្តដំបូងរបស់សហភាពអឺរ៉ុប និងមានលក្ខណៈសមាញ្ញជាងការស្នើសុំ បង្កើតកងទ័ពអឺរ៉ុបសំណាក់ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង។

គួរបញ្ជាក់ថា ផែនការបង្កើតកងទ័ពអឺរ៉ុប មានតាំងពីឆ្នាំ២០២០មកម្ល៉េះ ដែលត្រូវបានស្នើឡើងដោយក្រុមប្រឹក្សាអឺរ៉ុប និងទទួលរងនូវការរិះគន់ពី បណ្តាប្រទេសនៅអឺរ៉ុបខាងកើត ដែលពឹងផ្អែកខ្លាំងលើអង្គការ NATO និងសហរដ្ឋអាមេរិកផ្នែកយោធា។ ប៉ុន្តែ ការផ្ទុះសង្រ្គាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានពន្លឿនការអនុម័តផែនការនេះ ហើយផ្អែកលើស្ថានភាពបច្ចុប្បន្ន គោលនយោបាយនេះមានគោលបំណងធ្វើឲ្យប្រសើរឡើងនូវ កិច្ចសហប្រតិបត្តិការ រវាងយោធាអឺរ៉ុបដែលមានស្រាប់ជាមួយ NATO ក្នុងការពង្រឹងសមត្ថភាពការពារតាមអ៊ីនធើណេត, សម្របសម្រួល ការវិនិយោគ និងអភិវឌ្ឍរួមគ្នា៕