(ក្វាងចូវ)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃអង្គារនេះបានឱ្យដឹងថាមិនមានសញ្ញាបង្ហាញថាមានមនុស្សរស់រានមានជីវិតនោះទេ នៅក្នុងហេតុការណ៍ ធ្លាក់យន្ដហោះ Boeing 737-800 ដែលផ្ទុកមនុស្ស ១៣២នាក់ នៅតំបន់ភ្នំស្ថិតនៅឯភាគខាងត្បូងនៃប្រទេសចិនកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ក៏បានសម្ដែងមរណទុក្ខចំពោះអ្នកដំណើរ និងក្រុមអាកាសយានិកផងដែរ តែមិនបានបញ្ជាក់ លម្អិតថាតើមានមនុស្សប៉ុន្មាននាក់បានស្លាប់នោះទេ។ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យបើកការស៊ើបអង្កេតដើម្បីកំណត់ ពីមូលហេតុដែលធ្វើឱ្យយន្ដហោះនេះធ្លាក់ ខណៈក្រុមអ្នកជួយសង្រ្គោះនៅតែបន្តប្រតិបត្តិការជួយសង្រ្គោះរបស់ពួកគេ៕