(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅថ្ងៃចន្ទនេះបានរាយការណ៍ថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern មានផ្ទុកមនុស្សសរុបចំនួន១៣២នាក់ បានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន ខណៈមិនទាន់ដឹងថាមានមនុស្សបាត់បង់ជីវិត ប៉ុន្មាននាក់ ឬក៏អាចមានអ្នករួចរស់ជីវិត ដែរឬយ៉ាងណានោះឡើយ។ តែហាក់ដូចជាមិនមានសញ្ញាថាមានអ្នកនៅរស់រានមានជីវិតពីហេតុការណ៍ ដ៏រន្ធត់នេះនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

* មានកំណត់ត្រាសុវត្ថិភាពល្អ

គេហទំព័រទិន្នន័យហោះហើរ OAG នៅក្នុងខែមីនានេះបាននិយាយថាក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines គឺជាក្រុមហ៊ុន អាកាសចរណ៍ធំលំដាប់ទី៦ នៅលើពិភពលោក និងធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ចំណែកឯ យន្ដហោះ Boeing 737-800 ក៏ត្រូវបានគេចាត់ ទុកថាជាប្រភេទយន្ដហោះមានកំណត់ត្រាសុវត្ថិភាពល្អផងដែរ។ 737-800 គឺជាយន្ដហោះផលិតដោយក្រុមហ៊ុនផលិតយន្ដហោះអាមេរិក Boeing និងជាយន្ដហោះស៊េរីចាស់ ឬជំនាន់មុននៃយន្ដហោះម៉ូដែល 737 MAX ដែលត្រូវបានបញ្ឈរជើងនៅក្នុងប្រទេសចិនអស់រយៈពេលជាង៣ឆ្នាំ ក្រោយជួបសោកនាដកម្មធ្លាក់កាលពីឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និង២០១៩ នៅក្នុងប្រទេសអេត្យូពី។

737-800 ត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ១៩៩៤។ វាជាប្រភេទយន្ដហោះអាចដឹកអ្នកដំណើរ ឬមានកៅអីអង្គុយ ១៦២នាក់ និងអតិបរាមា ១៨៩នាក់។ យន្ដហោះនេះដែលមានតម្លៃជាង ១០៦.១លានដុល្លារនេះ មានប្រវែង ៣៩.៥ម៉ែត្រ និងស្លាបពីម្ខាងទៅម្ខាងមាន ប្រវែង ៣៥.៨ម៉ែត្រ ព្រមទាំងមានកម្ពស់ ១២.៥ម៉ែត្រ និងដំណើរការដោយម៉ាស៊ី CFM-56។ យន្ដហោះនេះមានពីឡុតបើក ២នាក់, អាចហោះ បានចម្ងាយ ៥,៧៦៥គីឡូម៉ែត្រ, មានទម្ងន់មិនទាន់ដឹក ៤១,១៤៥គីឡូក្រាម និងនៅពេលដឹកអ្នកដំណើរ ៧០,៥៣៥គីឡូក្រាម។

គួរបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅលើពិភពលោក គិតក្នុងអំលុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត ពេលយន្តហោះធុន Embraer E-190 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់ ពេលត្រៀមចុះចតនៅឯអាកាសយានដ្ឋាន យីឈុន (Yichun)៕

ប្រភព៖ Boeing, Reuters (ថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២)