(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែង «អស់ពីសមត្ថភាព» ដើម្បីស្វែងរក និងជួយសង្គ្រោះអ្នកដំណើរនៅលើយន្តហោះរបស់ក្រុមហ៊ុន China Eastern ផ្ទុកមនុស្សចំនួន ១៣៣នាក់ ដែលបានធ្លាក់នៅតំបន់ភាគនិរតីនៃប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

ដោយបង្ហាញពីការភ្ញាក់ផ្អើល នៅពេលឮព័ត៌មាននៃការធ្លាក់យន្តហោះនេះ លោក Xi បានណែនាំក្រុមមន្ត្រីរបស់លោក ឱ្យចាប់ផ្តើមការឆ្លើយតបជាបន្ទាន់និងភ្លាមៗ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត និងស៊ើបអង្កេតមូលហេតុនៃការធ្លាក់យន្តហោះនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

ប្រព័ន្ធផ្សព្វផ្សាយចិន CCTV បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរខាងលើ ដែលមានប្រភេទ Boeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំ ក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) ខណៈក្រុមភ្នាក់ងារស្វែងរកនិងជួយសង្រ្គោះ ត្រូវបានចល័តជាបន្ទាន់ ទៅកាន់កន្លែងកើតហេតុ។ យន្តហោះនេះ មានគោលដៅធ្វើដំណើរពីទីក្រុងគួនមីង (Kunming) នៃខេត្តយូនណាន (Yunnan) ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ (Guangzhou) នៃខេត្តក្វាងទុង (Guangdong)។

គួរបញ្ជាក់ថា វិស័យអាកាសចរណ៍របស់ប្រទេសចិន ស្ថិតក្នុងចំណោមប្រទេសដែលមានកំណត់ត្រាសុវត្ថិភាពល្អបំផុត នៅលើពិភពលោក គិតក្នុងអំលុងមួយទសវត្សរ៍ចុងក្រោយនេះ។ ករណីធ្លាក់យន្តហោះលើកចុងក្រោយបង្អស់ ដែលមានមនុស្សស្លាប់នៅចិន បានកើតឡើងកាលពីឆ្នាំ២០១០ នៅពេលមនុស្ស៤៤នាក់ ក្នុងចំណោមមនុស្សសរុប៩៦នាក់ បានបាត់បង់ជីវិត ពេលយន្តហោះធុន Embraer E-190 មួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Henan Airlines បានធ្លាក់ ពេលត្រៀមចុះចតនៅឯអាកាសយានដ្ឋាន យីឈុន (Yichun)៕