(សេអ៊ូល)៖ រដ្ឋបាលរបស់ប្រធានាធិបតីកូរ៉េខាងត្បូងផុតអាណត្តិ លោក មូន ចេអ៊ីន (Moon Jae-in) បាននិយាយនៅថ្ងៃចន្ទនេះថា ភាពប្រញ៉ាប់ប្រញ៉ាល់ផ្លាស់ប្តូរការិយាល័យ និងទីស្នាក់អាស្រ័យផ្លូវការរបស់ប្រធានាធិបតី អាចបង្កហានិភ័យផ្នែកសន្តិសុខបាន ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យការិយាល័យរបស់លោក មូន គឹលោក ផាក ស៊ូយុន (Park Soo-hyun) បាននិយាយថា «វាជារឿងមិនអាចទៅរួចទេ ក្នុងការផ្លាស់ប្តូរទីតាំងក្រសួងការពារជាតិ, សេនាធិការចម្រុះ, ការិយាល័យប្រធានាធិបតីនិងជំនួយការ ព្រមទាំងទីភ្នាក់ងារអង្គរក្ស
ក្នុងចន្លោះពេលដ៏ខ្លី មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក យូន ស៊ុកយុល (Yoon Suk-yeol) ចូលកាន់ដំណែង»។ លោក ផាក បានសង្កត់ធ្ងន់ថា «វិបត្តិសន្តិសុខនៅឧបទ្វីបកូរ៉េកំពុងតែកើនឡើង ហើយការផ្លាស់ប្តូរទីតាំងភ្លាមៗ និងមិនបានរៀបចំទុកជាមុនបែបនេះ អាចបង្កើតភាពចន្លោះប្រហោងផ្នែកសន្តិសុខបាន»។

គួរបញ្ជាក់ថា លោក យូន បានប្រកាសកាលពីថ្ងៃអាទិត្យកន្លងទៅថា លោកនឹងផ្លាស់ប្តូរការិយាល័យប្រធានាធិបតី ចេញពីវិមាន Blue House ទៅកាន់បរិវេណក្រសួងការពារជាតិភ្លាមៗ បន្ទាប់ពីលោកស្បថចូលកាន់តំណែងនៅថ្ងៃទី១០ ខែឧសភា។ លោក យូន អះអាងថា ការសម្រេចចិត្តបែបនេះ គឺដោយសារតែវិមាន Blue House បានក្លាយប្រៀបដូចជា ព្រះរាជវាំងយ៉ាងដូច្នោះ ហើយលោកចង់រើទៅទីតាំងថ្មី ដើម្បីបង្កើនទំនាក់ទំនងជាមួយមហាជន ក៏ដូចជាពង្រឹងការធ្វើប្រាស្រ័យទាក់ទងឱ្យល្អជាងមុន ជាមួយក្រុមទីប្រឹក្សានិងជំនួយការរបស់លោក។ យ៉ាងណាក្តី លោក យូន បានរងការរិះគន់ថា ផែនការនេះអាចនឹងចំណាយធនធានច្រើនឥតប្រយោជន៍ ហើយលោកទំនងជារងឥទ្ធិពលពី ជំនឿហុងស៊ុយ ដែលថាទីតាំងរបស់វិមាន Blue House សព្វថ្ងៃ គឺមិនសូវល្អ៕