(ប៉េកាំង)៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ីន (Wang Wenbin) បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា កាកបាទក្រហមនៃប្រទេសចិន នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមចំនួន ១០លានយ័នទៀត ឬស្មើនឹង១.៥៧លានដុល្លារអាមេរិក ដល់ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reutersនៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

លោក វ៉ាង បានប្រកាសពីដំណឹងខាងលើ កំលុងសន្និសីទព័ត៌មានប្រចាំថ្ងៃខ្លីមួយ នៅក្នុងទីក្រុងប៉េកាំង ខណៈការផ្តល់ជំនួយនេះ គឺកើតមាន ក្រោយការសន្យាពីមុនៗមក ស្តីពីការផ្តល់ជំនួយមនុស្សធម៌ឱ្យអ៊ុយក្រែន ដោយក្នុងនោះរួមមានទាំង ជំនួយ៥លានយ័ន ស្មើនឹងជិត៨០ម៉ឺនដុល្លារ ដែលទីក្រុងប៉េកាំង បានប្រកាសកាលពីថ្ងៃទី០៩ ខែមីនា។

គួរបញ្ជាក់ថា ចាប់តាំងពីរុស្ស៉ីបានបើកប្រតិបត្តិការយោធាចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ មនុស្សរាប់លាននាក់ បានរត់ភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់បណ្តាប្រទេសជិតខាង។ មកទល់ពេលនេះ ភាគីទាំងពីរកំពុងបន្តការចរចាគ្នារកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាម៕