(សេអ៊ូល)៖ អាជ្ញាធរបាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានចុះកិច្ចព្រមព្រៀង ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺកូវី១៩ ចំនួន១០លានដូស ដែលជាវ៉ាក់សាំងផលិតបានក្នុងស្រុក ដំបូងគេ ពីក្រុមហ៊ុន អេសខេបាយអូសាយអេន (SK Bioscience)។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទីចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ ក្រុមហ៊ុន SK Bioscience បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះមានតម្លៃ២០០ពាន់លានវ៉ុន ឬស្មើនឹង១៦៤.៦លានដុល្លារអាមេរិក ហើយបានបន្ថែមថា ខ្លួនក៏នឹងផ្តល់ការផ្គត់ផ្គង់ដល់យន្តការចែកចាយវ៉ាក់សាំងអន្តរជាតិ កូវ៉ាក់(COVAX) ផងដែរ នៅពេលទទួលបានការអនុញ្ញាត។

នាយកទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) លោក ជុង អ៊ុនយុង (Jeong Eun-kyeong) បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ក្រុមហ៊ុនមានបំណងចង់ឲ្យមានការអនុម័តជាផ្លូវការ នៅក្នុងឆមាសទី១នៃឆ្នាំនេះ ហើយការចែកចាយជាសាធារណៈ ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំនេះ។

គួរបញ្ជាក់ថា កាលពីខែសីហា ឆ្នាំ២០២១ ក្រុមហ៊ុន SK Bioscience បានចាប់ផ្តើមការធ្វើតេស្តដំណាក់កាលទី៣ លើវ៉ាក់សាំងសាកល្បងរបស់ខ្លួន មានឈ្មោះសម្គាល់ថា «GBP510» ដែលត្រូវបានអភិវឌ្ឍរួមគ្នា ជាមួយសាកលវិទ្យាល័យវ៉ាស៉ីនតោនរបស់សហរដ្ឋអាមេរិក និងក្រោមការជ្រោមជ្រែងពីសំណាក់ ក្រុមហ៊ុនផលិតឱសថអន្តរជាតិ GlaxoSmithKline (GSK)។ ក្រៅពីផលិតវ៉ាក់សាំង GBP510 របស់ខ្លួន ក្រុមហ៊ុន SK Bioscience ក៏បានផលិតវ៉ាក់សាំងកូវីដ ១៩ ដែលជារបស់ក្រុមហ៊ុនអាស្រ្តាហ្សេណេកា (AstraZeneca) និងក្រុមហ៊ុន ណូវ៉ាវ៉ាក់ (Novavax) ផងដែរ៕