(វែលីងតោន)៖ នូវែលសេឡង់នៅថ្ងៃចន្ទនេះ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយហិរញ្ញវត្ថុទំហំ ៥លានដុល្លារនូវែលសេឡង់ ឬស្មើនឹង ៣.៤៦លានដុល្លារអាមេរិក បន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន រួមជាមួយបរិក្ខាយោធាផ្សេងៗ ដែលមិនមែនជាសព្វាវុធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចាស៉ីនដា អាដឺន (Jacinda Ardern) បាននិយាយថា ថវិកាជំនួយខាងលើនឹងត្រូវផ្ទេរទៅកាន់ មូលនិធិរបស់អង្គការ NATO ដែលផ្តល់ឥន្ធនៈ, ស្បៀង, បរិក្ខាទាក់ទង, និងសម្ភារៈសង្រ្គោះបឋម ដើម្បីគាំទ្រដល់អ៊ុយក្រែន ដែលកំពុងបន្តប្រយុទ្ធតទល់គ្នា ជាមួយយោធារុស្ស៉ី។

លោកស្រី Ardern បានថ្លែងក្នុងសន្និសីទសារព័ត៌មានយ៉ាងដូច្នេះថា «យើងចាត់ទុកអ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែន ជាការបង្កភាពរាំងស្ទះយ៉ាងធំធេង ចំពោះសណ្តាប់ធ្នាប់ដែលឈរលើច្បាប់អន្តរជាតិ ហើយដោយសារតែបែបនេះ គឺវាជះផលប៉ះពាលដល់យើងរាល់គ្នា ហេតុដូច្នេះទើបពួកយើងបានសម្រេចចាត់វិធានការទាំងនេះ»

គួរបញ្ជាក់ថា យោធានូវែលសេឡង់នឹងផ្តល់ បរិក្ខាផ្សេងៗរួមមានទាំងមួក និងអាវការពារជាដើម។ ជំនួយថ្មីខាងលើនេះ នឹងនាំឱ្យការផ្តល់ជំនួយសរុបរបស់នូវែលសេឡង់ ឱ្យទៅអ៊ុយក្រែន កើនដល់១១លានដុល្លារនូវែលសេឡង់ ឬស្មើនឹង៧.៦លានដុល្លារសហរដ្ឋអាមេរិក។ នូវែលសេឡង់ក៏បានចូលរួមការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៉ីផងដែរ៕