(ព្រុចសែល)៖ រដ្ឋាភិបាលរបស់បណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) នឹងធ្វើការពិចារណាថាតើ គួរតែដាក់ទណ្ឌកម្មលើប្រេង របស់ប្រទេសរុស្ស៉ីរឬក៏យ៉ាងណា ជុំវិញវិបត្តិសង្រ្គាមនៅអ៊ុយក្រែន ស្របពេលដែលពួកគេត្រៀមជួបពិភាក្សាគ្នា នៅសប្តាហ៍នេះ ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងកិច្ចប្រជុំកំពូលមួយចំនួន ដែលមានគោលដៅពង្រឹងការឆ្លើយតបរបស់លោកខាងលិច ចំពោះទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

រយៈពេល៣សប្តាហ៍កន្លងមកនេះ សហភាពអឺរ៉ុបបានទម្លាក់កញ្ចក់ទណ្ឌកម្មចំនួន៤ហើយ ទៅលើបុគ្គលនិងក្រុមហ៊ុនរុស្ស៉ី ក៏ដូចជាបេឡារុស រួមជាមួយផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសរុស្ស៉ី ប៉ុន្តែវិមានក្រឹមឡាំងមិនបានផ្លាស់ប្តូរសកម្មភាពរបស់ខ្លួន នៅអ៊ុយក្រែននោះទេ។

ដូច្នេះហើយ EU នៅសល់ជម្រើសដ៏លំបាកបំផុត គឺការដាក់គោលដៅលើប្រេងរបស់រុស្ស៉ីតែម្តង ដូចអ្វីដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានសម្រេចធ្វើកន្លងមក។ ប្លុក EU ដែលមានសមាជិក២៧ប្រទេស មិនទាន់បានធ្វើយ៉ាងដូច្នោះទេ ដោយសារតែកម្រិតនៃការពឹងផ្អែករបស់ពួកគេ ទៅលើថាមពលឧស្ម័នរបស់រុស្ស៉ី។

យោងតាមការបង្ហើបពីក្រុមមន្រ្តីទូតអឺរ៉ុប សមាជិក EU មួយចំនួន បានបង្ហាញការគាំទ្រ ចំពោះការដាក់ទណ្ឌកម្មលើប្រេងរបស់រុស្ស៉ី ប៉ុន្តែអាល្លឺម៉ង់បានព្រមានប្រឆាំងនឹងការធ្វើសកម្មភាពឆាប់រហ័សពេក ដោយសារតែបញ្ហាថាមពលដែលកំពុងឡើងថ្លៃរួចស្រាប់ នៅអឺរ៉ុប។

គួរបញ្ជាក់ថា លោក បៃដិន នឹងទៅដល់ទីក្រុងព្រុចសែល នៃប្រទេសបែលហ្ស៉ិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូល ជាមួយសម្ព័ន្ធទាំង៣០ របស់អង្គការ NATO ក៏ដូចជាជាមួយក្រុមប្រទេស EU និងក្រុមប្រទេស G7 ដែលមានជប៉ុនផងដែរ៕