(ហុងកុង)៖ រដ្ឋាភិបាលហុងកុង បាននិយាយនៅថ្ងៃចន្ទនេះថា ទីក្រុងហុងកុងនឹងចាប់ផ្តើមជើងហោះហើរអន្តរជាតិឡើងវិញ ពីសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសចំនួន៧ផ្សេងទៀត ព្រមទាំងប្រកាសបន្ធូរបន្ថយ ការរឹតត្បិតវិធានការការពារកូវីដ១៩។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។

សម្រាប់រយៈពេលនៃការធ្វើចតា្តឡីស័កលើអ្នកដំណើរមកពីបរទេស ក៏នឹងត្រូវបានកាត់បន្ថយ មកនៅតឹ្រមចំនួន៧ថ្ងៃផង ខណៈបម្រាមជើងហោះហើរ ដែលបានដាក់ចេញនាពេលកន្លងទៅ នឹងត្រូវដកវិញចាប់ពីថ្ងៃទី១ ខែមេសា តទៅ។

បម្រាមជើងហោះហើរអន្តរជាតិ ត្រូវបានហុងកុងដាក់ចេញ ចាប់តាំងពីមានការរាលដាលខ្លាំងនៃមេរោគអូមីក្រុង កាលពីខែមករា ដើមឆ្នាំនេះ ទៅលើប្រទេសចំនួន៩ ដែលត្រូវបានចាត់ទុកថា មានហានិភ័យខ្ពស់ រួមមាន សហរដ្ឋអាមេរិក, អូស្រ្តាលី, អង់គ្លេស, កាណាដា, បារាំង, ឥណ្ឌា, ប៉ាគីស្ថាន, ហ្វីលីពីន និងក្រោយមកទៀតគឺនេប៉ាល់។

មេដឹកនាំទីក្រុងហុងកុងលោកស្រី ខារី ឡាំ (Carrie Lam) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «បម្រាមជើងហោះហើរទាំងនេះ គឺហាក់មិនសមស្របជាមួយពេលវេលាឥឡូវនោះទេ។ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លងរាតត្បាតនៅតាមប្រទេសទាំងនោះ គឺមិនអាក្រក់ជាងទីក្រុងហុងកុងឡើយ ហើយម៉្យាងវិញទៀត អ្នកដំណើរភាគច្រើនដែលមកដល់ហុងកុង គឺមិនមានចេញរោគសញ្ញាធ្ងន់ធ្ងរអ្វីទេ។ ការបន្តសុពលភាពបម្រាមទាំងនេះ មានតែជួយបន្ថែមក្តីកង្វល់ និងការភ័យព្រួយរបស់ប្រជាជនហុងកុង ដែលជាប់នៅប្រទេសទាំងនោះប៉ុណ្ណោះ»។

គួរបញ្ចាក់ថា គោលការណ៍ធ្វើចត្តាឡីស័កនៅសណ្ឋាគារ ដែលបច្ចុប្បន្នមានរយៈពេល១៤ថ្ងៃ នឹងត្រូវបន្ថយនៅត្រឹម៧ថ្ងៃវិញ ប្រសិនបើថ្ងៃទី៦ និងទី៧ លទ្ធផលតេស្តរបស់ពួកគេអវិជ្ជមាន។ បន្ទាប់ពីនោះ ពួកគេត្រូវបានអនុញ្ញាតឲ្យតាមដានសុខភាពនៅផ្ទះ ឬទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ សម្រាប់រយៈពេល៧ថ្ងៃទៀត។ ជាមួយគ្នានេះ សាលារៀនក៏នឹងបើកឲ្យសិស្សចូលសិក្សា ក្នុងថ្នាក់ឡើងវិញ ចាប់ពីថ្ងៃទី១៩ ខែមេសា ផងដែរ។

ចំណែក វិធានការគម្លាតសុវត្ថិភាពសង្គម នឹងត្រូវបន្ធូរបន្ថយជាដំណាក់កាល ចាប់ផ្តើមពីថ្ងៃទី២១ ខែមេសា។ ភោជនីយដ្ឋាន នឹងអាចបន្តបើកដំណើរការ ដល់ក្រោយម៉ោង៦យប់បាន ចំណែកការជួបជុំតាមទីសាធារណៈ អាចមានមនុស្សចំនួន៤នាក់ ដែលពីមុនបានត្រឹម២នាក់។ រីឯក្លឹបកំសាន្ត ហាងស្រា និងឆ្នេរសមុទ្រ នឹងអនុញ្ញាតឲ្យបើក នៅដំណាក់កាលទី២ ពេលដែលមនុស្សម្នាអាចដើរចេញទៅក្រៅ ដោយមិនចាំបាច់ពាក់ម៉ាសបាន ខណៈសព្វថ្ងៃអ្នករាល់គ្នានៅហុងកុង ចេញក្រៅត្រូវតែពាក់ម៉ាស៕