(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យនៃសេតវិមាន លោកស្រី ជែន សាគី (Jen Psaki) បានឱ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ថា (ម៉ោងនៅវ៉ាស៊ីនតោន) ថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសប៉ូឡូញ នៅថ្ងៃសុក្រសប្ដាហ៍នេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបជាអន្តរជាតិ ចំពោះសង្រ្គាមរវាងរុស្ស៊ីលើអ៊ុយក្រែន ដែលបានបង្កឲ្យមាន «វិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស»។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

បើតាមសេតវិមាន, លោក បៃដិន នឹងធ្វើដំណើរទៅកាន់ទីក្រុង វ៉ាសូវី (Warsaw) ដើម្បីជួបពិភាក្សាទ្វេភាគីជាមួយប្រធានាធិបតីប៉ូឡូញ លោក អេនហ្សិក ឌូដា (Andrzej Duda) ខណៈជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនជាង ២លាននាក់ បានចូលទៅក្នុងប្រទេសប៉ូឡូញ ចាប់តាំងពីមានប្រតិបត្តិការយោធារបស់រុស្ស៊ីនៅថ្ងៃទី២៤ ខែកុម្ភៈ។

គួរបញ្ជាក់ថា ដំណើរទៅកាន់ប្រទេសប៉ូឡូញ របស់លោកបៃដិន នឹងត្រូវធ្វើឡើង មួយថ្ងៃបន្ទាប់ពីលោកត្រូវជួបជាមួយសម្ព័ន្ធមិត្ត NATO , មេដឹកនាំ G7 និងមេដឹកនាំសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ជុំវិញសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន៕