(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គីបាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបចរចា ស្វែងរកកិច្ចព្រមព្រៀងសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន តែព្រមពេលជាមួយគ្នា លោកក៏បានព្រមានដែរថា ប្រសិនបើកិច្ចចរចាទទួលបរាជ័យ នោះសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ដូច្នេះថា «ខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួបចរចាជាមួយលោក (លោក ពូទីន)។ ខ្ញុំបានត្រៀមខ្លួនអស់រយៈពេល២ឆ្នាំមកនេះ ហើយខ្ញុំគិតថាបើគ្មានកិច្ចចរចាទេ នោះយើងនឹងមិនអាចបញ្ចប់សង្រ្គាមនេះបានឡើយ។ ដូច្នេះខ្ញុំយល់ថាយើងគួរចាប់យកឱកាសដើម្បី អាចរៀបចំកិច្ចចរចាជាមួយលោក ពូទីន។ ប៉ុន្តែ ប្រសិនបើការព្យាយាមទាំងនេះទទួលបរាជ័យ នោះវាមានន័យថាសង្រ្គាមលោកលើកទី៣ អាចនឹងផ្ទុះឡើង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអង្គការ NATO បានបញ្ជាក់ជាច្រើនលើកថាពួកគេនឹងមិនបញ្ជូនកងទ័ពឱ្យទៅជួយអ៊ុយក្រែន ប្រយុទ្ធ ដោយផ្ទាល់ជាមួយកងទ័ពរុស្ស៊ីទេ ហើយក៏បានបដិសេធបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ដោយសារ បារម្ភខ្លាចផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ឬសង្រ្គាមលោកលើកទី៣។ តែបានសន្យាថានឹងចាត់់វិធានការឆ្លើយតប បើប្រទេសជាសមាជិក NATO ណាមួយរងការវាយប្រហារពីរុស្ស៊ី៕