(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ក្នុងការប្រកួតបាល់ទាត់ដែលរៀបចំធ្វើនៅក្រុងបែលក្រាដ រដ្ឋធានីប្រទេសស៊ែបី អ្នកចូលទស្សនាបានលើកផ្ទាំងសំពត់ជាច្រើន ដើម្បីបង្ហាញពីបញ្ជីឈ្មោះរបស់ប្រទេសនិងតំបន់ ដែលអាមេរិកនិងអង្គការណាតូ ធ្លាប់បានទម្លាក់គ្រាប់បែកនិងញុះញង់ឱ្យផ្ទុះអាវុធ ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងមក។ អ្នកជំនាញបញ្ញវន្តនិងប្រជាជន នៃប្រទេសជាច្រើន បានសម្គាល់ឃើញថា ប្រទេសលោកខាងលិចដូចជាអាមេរិកជាដើម បានប្រើស្តង់ដារពីរជាប់រហូតមក មួយផ្នែកបានឃោសនាថា «ប្រឆាំងសង្គ្រាម រក្សាសន្តិភាព» មួយផ្នែកទៀតបែរជាប្រើកម្លាំងយោធា ទៅដាក់សម្ពាធលើប្រទេសដទៃទៀត និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ដែលបាននាំមកនូវការគំរាមកំហែងដល់ សនិ្តសុខនិងសុវត្ថិភាពជាសកល។

លោក Zivadin Jovanovic អតីតមន្ត្រីការទូតជើងចាស់ និងជាអ្នកជំនាញបញ្ហាអន្តរជាតិរបស់ប្រទេសស៊ែប៊ី បានថ្លែងថា មើលទៅ អាមេរិកនិងអង្គការណាតូហាក់ ដូចជាបាននិងកំពុងអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ និងរិះគន់ប្រទេសដទៃទៀតថា បានបំផុសសង្គ្រាម ប៉ុន្តែតាមពិត ពួកគេបានធ្វើសកម្មភាពយោធាទៅលើសហភាពយូហ្គោស្លាវី ដោយមិនបានទទួលការផ្តល់សិទិ្ធ ពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនោះទេ ហើយសកម្មភាពយោធារបស់អាមេរិក នៅប្រទេសអាហ្វហ្កានីស្ថាន អ៊ីរ៉ាក់និងស៊ីរីក៏អ៊ីចឹងដែរ។

ឥស្សរជនអ្នកវិភាគខាងនយោបាយរបស់ប្រទេសអាហ្វហ្កានីស្ថាន បានថ្លែងថា ២០ឆ្នាំមុន សម័្ពន្ធមិត្តលោកខាងលិច ដូចជាអាមេរិកនិងអង្គការណាតូជាដើម បានឈ្លានពានអាហ្វហ្កានីស្ថានដោយយកការប្រឆាំងភេរវកម្មធ្វើជាលេស។ ពួកគេសន្យាថានឹងផ្តល់ការគាំទ្រដល់ការស្តារឡើងវិញ និងការគាំពារសិទ្ធិមនុស្សរបស់អាហ្វហ្កានីស្ថាន ប៉ុន្តែពួកគេមិនបានអនុវត្តតាមពាក្យសន្យារបស់ខ្លួនទេ ហើយក៏មិនដែលនាំមកនូវសុខសន្តិភាពអ្វី ដល់អាហ្វហ្កានីស្ថាននិងតំបន់ជំរុញនោះដែរ៕