(ប៉េកាំង)៖ «យើងមិនត្រឹមតែត្រូវជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យដើរតាមផ្លូវត្រឹមត្រូវដើម្បីវិវឌ្ឍរីកចម្រើនទៅមុខប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវរ៉ាប់រងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន និងធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីគាំពារសន្តិភាពនិងស្ថេរភាព នៅលើពិភពលោកផងដែរ។» នាពេលថ្មីៗកន្លងទៅនេះ ការសម្តែងអាកប្បកិរិយាបែបនេះរបស់ លោក Xi Jinping ប្រធានរដ្ឋចិនក្នុងអំឡុងពេល ជួបសន្ទនាតាមប្រព័ន្ធវីដេអូជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកតាមការណាត់ បានបង្ហាញពីពុទ្ធិខាងនយោបាយ និងទំនួលខុសត្រូវរបស់មេដឹកនាំនៃប្រទេសធំមួយ។

គួររំលឹកថា នេះគឺជា «ការផ្លាស់ប្តូរមតិយោបល់តាមអនឡាញ» លើកទីពីរហើយរវាងមេដឹកនាំនៃប្រទេសទាំងពីរ បន្ទាប់ពីកិច្ចជំនួបកំពូលតាមប្រព័ន្ធវីដេអូ វាងប្រមុខរដ្ឋចិននិងអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ ២០២១មក។ បន្ទាប់ពីរំលងអស់រយៈពេល ៤ខែ ស្ថានការណ៍អន្តរជាតិមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា។ ក្នុងបរិបទនៃការបង្កភាពចលាចល នៅគ្រប់ទីកន្លែងរបស់អង្គការណាតូ ដែលដឹកនាំដោយអាមេរិក ទំនាស់រវាងរុស្ស៊ីនិងអ៊ុយក្រែនកាន់តែមានភាពស្រួចស្រាវជាសន្សឹមៗ ហើយទីបំផុតភាគីទាំងពីរ បានផ្ទុះការប៉ះទង្គិចផ្នែកយោធា។ ក្នុងគ្រាដ៏គន្លឹះនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរ ចិននិងអាមេរិក បានជួបសន្ទនាតាមប្រព័ន្ធវីដេអូម្តងទៀត ដើម្បីធ្វើការផ្លាស់ប្តូរប្រកបដោយភាពស្មោះត្រង់និងស៊ីជម្រៅ អំពីបញ្ហាដែលយកចិត្តទុកដាក់ដូចគ្នា ដូចជា ទំនាក់ទំនងរវាងចិននិងអាមេរិក និងស្ថានការណ៍អ៊ុយក្រែនជាដើម មិនបាច់សង្ស័យឡើយ វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល។

សូមបញ្ជាក់ថា ថ្លែងក្នុងកិច្ចជំនួបលើកនេះ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានរំលឹកឡើងវិញថា សហរដ្ឋអាមេរិកមិនស្វែងរកការធ្វើ «សង្រ្គាមត្រជាក់ថ្មី» ជាមួយប្រទេសចិន មិនស្វែងរកការកែប្រែប្រព័ន្ធរបបរបស់ចិន មិនស្វែងរកការបង្កើនទំនាក់ទំនងជាមួយសម័្ពន្ធមិត្ត ដើម្បីប្រឆាំងប្រទេសចិន ក៏ដូចជាមិនគាំទ្រ «ឱ្យតៃវ៉ាន់ឯករាជ្យ» និងគ្មានចេតនាប៉ះទង្គិចជាមួយប្រទេសចិននោះឡើយ។ ទាក់ទិននឹងអាកប្បកិរិយាបែបនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានសម្តែងនូវ «ការយកចិត្តទុកដាក់ក្រៃលែង»។

ក្នុងកិច្ចជំនួបលើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងម្តងទៀតអំពី «ទំនួលខុសត្រូវអន្តរជាតិ» ព្រមទាំងរំលឹកឡើងវិញ នូវគោលជំហរជាគោលការណ៍របស់ប្រទេសចិន ក្នុងការដោះស្រាយវិបត្តិអ៊ុយក្រែន។ លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងថា «ភារកិច្ចបន្ទាន់បំផុត» សម្រាប់ការដោះស្រាយវិបត្តិអ៊ុយក្រែន គឺបន្តធ្វើកិច្ចសន្ទនានិងចរចា ជៀសវាងកុំបណ្តាលឱ្យជនស៊ីវិលស្លាប់បាត់បង់ជីវិតនិងរងរបួស ក៏ដូចជាបង្ការកុំឱ្យលេចចេញវិបតិ្តផ្នែកមនុស្សធម៌ ព្រមនិងឈប់បាញ់គ្នា និងបញ្ចប់សង្គ្រាមក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ផងដែរថា ក្នុងកិច្ចជំនួបនេះ ភាគីអាមេរិកបានអះអាងថា រីករាយបង្កើនការប្រាស្រ័យទាក់ទងគ្នា ជាមួយភាគីចិនដើម្បីបង្ការកុំឱ្យរឿងនេះឡើងកម្តៅ។ អាមេរិកគួរអនុវត្តតាមពាក្យសន្យារបស់ខ្លួន ប្រសិនបើអាមេរិកមួយផ្នែកស្វែងរកការគាំទ្រ និងសហការពីប្រទេសចិនផង មួយផ្នែកទៀតបានធ្វើការវាយប្រហារ និងលាបពណ៌ទៅលើចិន ព្រមទាំងគំរាមកំហែងដាក់ទណ្ឌកម្មចំពោះចិន នោះគឺ មិនអាចទៅរួចទេ។

ប្រការដែលគួរតែលើកឡើងនោះគឺ «ទំនាក់ទំនងរវាងចិននិងអាមេរិក ដែលអភិវឌ្ឍប្រកបដោយភាពរឹងមាំនិងនឹងនរគឺ សុទ្ធតែមានអំណោយផលដល់ភាគីទាំងពីរ។» អុនលោមតាមគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ កិច្ចជំនូបលើកនេះប្រកបដោយលក្ខណៈស្ថាបនា ហើយបានតម្រូវឱ្យក្រុមការងារនៃប្រទេសទាំងពីរ តាមដានអនុវត្តឱ្យទាន់ពេលវេលា។ យើងរំពឹងថា សហរដ្ឋអាមេរិកអាចអនុវត្តតាមពាក្យសន្យារបស់ខ្លួន ចាំបាច់ត្រូវចាត់ប្រតិបត្តិការជាក់ស្តែង ដើម្បីអុនវត្តគំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងធ្វើតាមពាក្យសន្យានយោបាយ របស់លោកប្រធានាធិបតី ចូ បៃដិន យ៉ាងពិតប្រាក ។ មិនថា ជំរុញទំនាក់ទំនងរវាងចិននិងអាមេរិក ឱ្យវិលទៅរកផ្លូវត្រឹមត្រូវឡើងវិញ ឬក៏ដោះស្រាយវិបត្តិអ៊ុយក្រែនឱ្យបានសមរម្យនោះទេ លើកនេះ អាមេរិកមិនត្រូវឱ្យចិននិងពិភពលោកទាំងមូល មានការខកចិត្តយ៉ាងខ្លាំងម្តងទៀតឡើយ៕