(ល្វីវ)៖ ប្រធានាធិបតិអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បានបង្ហាញការខកចិត្ត ដោយសួរទៅកាន់ អ៉ីស្រាអែលថាតើហេតុអ្វីបានជាមិនផ្ដល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសឱ្យប្រទេសរបស់លោក និងមិនបានដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២។

អ៉ីស្រាអែល បានថ្កោលទោសប្រតិបត្តិការយោធារបស់លោក ពូទីន នៅអ៊ុយក្រែនដែលលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន ប៉ុន្តែ ដោយសារតែខ្លាចធ្វើឱ្យល្អក់កករដល់ទំនាក់ទំនងជាមួយរុស្ស៊ី និងសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសស៊ីរី អ៉ីស្រាអែលមិនបាន ផ្ដល់អាវុធតាមការស្នើសុំពីអ៊ុយក្រែន ឬការជំរុញពីសហរដ្ឋអាមេរិកនោះទេ។

ថ្លែងនៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូទៅកាន់សភាអ៉ីស្រាអែល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ, លោក ហ្សេលេនស្គី បាន សង្កត់ធ្ងន់ដូច្នេះថា «មនុស្សគ្រប់គ្នាសុទ្ធតែដឹងថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ្នក គឺមានសមត្ថភាពអស្ចារ្យ...ដូច្នេះអ្នកអាច ជួយការពារប្រជាជនរបស់យើង, សង្រ្គោះប្រជាជនអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែនមានដើមកំណើតជី្វហ្វ។ ប៉ុន្តែ ហេតុអ្វីបានជាអ្នក មិនព្រមផ្ដល់អាវុធមកឱ្យពួកយើង, ហេតុអ្វីបានជាអ៉ីស្រាអែលមិនដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងរុស្ស៊ី ឬដាក់សម្ពាធលើក្រុមហ៊ុនរុស្ស៊ី»

អាវុធដែលលោក ហ្សេលេនស្គី ដែលមានដើមកំណើតជាជនជាតិជ្វីហ្វផងនោះ ចង់និយាយសំដៅទៅលើប្រព័ន្ធមីស៊ីលការពារដែន អាកាស អាយរ៉ន់ដូម (Iron Dome) ដែលអ៉ីស្រាអែលប្រើដើម្បីស្ទាក់ចាប់ និងបំផ្លាញមីស៊ីលរបស់ក្រុមហាម៉ាស់ប៉ាឡេស្ទីន។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ណាហ្វតាលី ប៊េនណេត (Naftali Bennett) មិនបានធ្វើអត្ថាធិប្បាយអ្វីឆ្លើយតបទៅ នឹងសុន្ទរកថារបស់លោក ហ្សេលេនស្គីអ្វីទេ។ ប៉ុន្តែ ក្រសួងការបរទេសអ៉ីស្រាអែល បាននិយាយថាអ៉ីស្រាអែលបានផ្ដល់ជំនួយបរិក្ខាពេទ្យ និងជំនួយមនុស្សធម៌ដល់អ៊ុយក្រែន ហើយនឹងនៅតែបន្តជួយប្រជាជនអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន៕