(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអាទិត្យនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៤១,១៥១ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១៩,០៦៥ករណី ខណៈហូជីមិញបានរាយការណ៍ចំនួន១,៤៦២ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន៩,៣៣៣ករណី, ខេត្ត Phú Thọ ៥,៧៤៧ករណី និងខេត្ត Lạng Sơn ៤,៦៣៥ករណី។

ក្នុងរបាយការណ៍ថ្ងៃអាទិត្យនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៦៣នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧,៩៥៨,០៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៤,១០៣,០២៨នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤១,៨៨០នាក់៕