(សេអ៊ូល)៖ ប្រធានាធិបតីជាប់ឆ្នោតកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអាទិត្យនេះ បានប្រកាសពីការសម្រេចចិត្ត ផ្លាស់ប្តូរការិយាល័យប្រធានាធិបតី ដែលបច្ចុប្បន្នស្ថិតនៅវិមាន ឈុងវ៉ាដេ (Cheong Wa Dae) ទៅកាន់ក្រសួងការពារជាតិវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

លោក Yoon បាននិយាយថា រូបលោកនឹងរើការិយាល័យ ទៅកាន់ក្រសួងការពារជាតិកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងសង្កាត់ យ៉ុងសាន (Yongsan) កណ្តាលរដ្ឋធានីសេអ៊ូល ភ្លាមៗតែម្តង ក្រោយពិធីស្បថចូលកាន់តំណែងជាផ្លូវការ នៅថ្ងៃទី១០ ខែឧសភា ខាងមុខ ហើយក្នុងថ្ងៃដដែលនោះ វិមាន Cheong Wa Dae នឹងត្រូវបើកទូលាយពេញលេញ មិនមែនត្រឹមតែផ្នែកខ្លះដូចពីមុនឡើយ សម្រាប់ឱ្យសាធារណជនចូលទស្សនា។ សម្រាប់ការិយាល័យក្រសួងការពារជាតិកូរ៉េខាងត្បូងវិញ នឹងត្រូវផ្លាស់ទៅកាន់អគារសេនាធិការចម្រុះ ដែលស្ថិតក្នុងបរិវេណជាមួយគ្នា។

គួរបញ្ជាក់ថា កំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក Yoon ធ្លាប់បានសន្យាផ្លាស់ប្តូរការិយាល័យប្រធានាធិបតីចេញពីវិមាន Cheong Wa Dae ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់លោក ក្នុងការធ្វើការងារឱ្យកាន់តែជិតស្និទ្ធជាមួយទីប្រឹក្សា ក៏ដូចជាការធ្វើទាក់ទងឱ្យបានញឺកញាប់ជាងមុន ជាមួយមហាជន ដ្បិតទីតាំងវិមាន Cheong Wa Dae មានលក្ខណៈស្ថិតនៅដាច់ពីគេឯង ហើយអគារការិយាល័យដែលប្រធានាធិបតីធ្វើការ នៅឆ្ងាយពីអគារធ្វើការរបស់ទីប្រឹក្សាថែមទៀតផង។

តាមពិតទៅប្រធានាធិបតីផុតអាណត្តិ លោក មូន ចេអ៉ីន ក៏ធ្លាប់មានបំណងចង់រើការិយាល័យចេញពីវិមាន Cheong Wa Dae ដែរ ប៉ុន្តែលោកបានសម្រេចលុបចោលផែនការនេះវិញ ដោយសារតែបញ្ហាសន្តិសុខនិងឡូជីស្ទីគ៕