(មូស្គូ)៖ រដ្ឋាភិបាលទីក្រុងមូស្គូនៅថ្ងៃអាទិត្យនេះ បានអះអាងថា ខ្លួនបានប្រើប្រាស់ជាថ្មីម្តងទៀតនូវ មីស៉ីលល្បឿនលឿនជាងសំឡេង វាយប្រហារទៅលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Al Arabiya នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ប្រព័ន្ធមីស៉ីល គីនហ្សាល់ (Kinzhal) ដែលជាប្រភេទមីស៉ីល ហៃភើសូនិច (Hypersonic) គឺមានល្បឿនលឿនជាងសំឡេងលើសពី៥ដង ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ហើយវាបានកម្ទេចគោលដៅ ដែលជាទីតាំងផ្ទុកឥន្ធនៈដ៏ធំមួយកន្លែង របស់យោធាអ៊ុយក្រែន ស្ថិតក្នុងតំបន់មីកូឡាអ៉ីវ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ រុស្ស៉ីបានអះអាងពីការប្រើប្រាស់ មីស៉ីលល្បឿនលឿនជាងសំឡេង Kinzhal ជាលើកដំបូងបង្អស់ នៅក្នុងសង្រ្គាមអ៊ុយក្រែន។ បើតាមការអះអាងរបស់រុស្ស៉ី ពេលនោះ ឃ្លាំងអាវុធធំសម្បើមមួយ នៅភាគខាងលិចអ៊ុយក្រែន ត្រូវបានកម្ទេច៕