(សេអ៊ូល)៖ យោធានៃប្រទេសកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងនៅថ្ងៃអាទិត្យនេះ ទំនងជាបានធ្វើការបាញ់សាកល្បង ប្រព័ន្ធបាញ់មីស៉ីលរយៈចម្ងាយខ្លីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

យោធាកូរ៉េខាងត្បូងបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «កាលពីព្រឹកថ្ងៃអាទិត្យនេះ មានការធ្វើតេស្តសព្វាវុធនៅកូរ៉េខាងជើង ដែលត្រូវបានសន្និដ្ឋានថា ជាការបាញ់តេស្តប្រព័ន្ធបាញ់មីស៉ីលម្តងបានច្រើនគ្រាប់រយៈចម្ងាយខ្លី ហើយយោធាយើងបាននិងកំពុងតាមឃ្លាំមើលស្ថានការណ៍ពាក់ព័ន្ធ ហើយរក្សានូវជំហរត្រៀមលក្ខណៈជានិច្ច»

បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង យុនហាប់ យោធាកូរ៉េខាងជើង បានបាញ់តេស្តមីស៉ីលចំនួន៤គ្រាប់ ចេញពីប្រព័ន្ធបាញ់មីស៉ីលរបស់ខ្លួន នៅវេលាម៉ោង០៧៖២០នាព្រឹកថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់) ខណៈទីតាំងនៃការធ្វើតេស្តស្ថិតនៅកន្លែងមួយ ក្នុងខេត្តព្យុងហ្កានខាងត្បូង (South Pyongan) ។

គួរបញ្ជាក់ថា ស្របពេលដែលពួកវាមិនសូវមានអានុភាពដូចជា មីស៉ីលផ្លោងបាលីស្ទីគក៏ពិតមែន កូរ៉េខាងជើងអាចប្រើប្រាស់ប្រព័ន្ធបាញ់មីស៉ីលប្រភេទនេះ ព្រមទាំងកាំភ្លើងធំផ្សេងទៀត ដើម្បីវាយប្រហារដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងបាន៕