(កង់បេរ៉ា)៖ រដ្ឋាភិបាលអូស្រ្តាលីនៅថ្ងៃអាទិត្យនេះ បានប្រកាសថា អូស្រ្តាលីនឹងផ្តល់ជំនួយយោធាទំហំ ១៥.៥លានដុល្លារអាមេរិក រួមនិងជំនួយមនុស្សធម៌ទំហំជាង ២២លានដុល្លារ បន្ថែមទៀត ឱ្យទៅប្រទេសអ៊ុយក្រែន ដែលកំពុងបន្តរងគ្រោះដោយសារសង្រ្គាម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាលអូស្រ្តាលី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ក្រោយកិច្ចពិភាក្សាគ្នារវាងលោកនាយករដ្ឋមន្រ្តី ស្កុត ម៉ូរីសុន (Scott Morrison) និងរដ្ឋមន្រ្តីការពារជាតិ លោក ភីតឺ ឌូតតុន (Peter Dutton) ជាមួយសមភាគីអ៊ុយក្រែន វាច្បាស់ណាស់ថា អ៊ុយក្រែននៅតែបន្តត្រូវការ ជំនួយយោធាជាចាំបាច់និងបន្ទាន់»

សេចក្តីថ្លែងការណ៍បានបន្តថា «ដូច្នេះហើយ ក្រសួងការពារជាតិអូស្រ្តាលី បានបង្កើតកញ្ចប់ជំនួយទំហំ ១៥.៥លានដុល្លារអាមេរិកបន្ថែម ដើម្បីជួយដល់យោធាអ៊ុយក្រែន ដែលនាំឱ្យជំនួយយោធាសរុបរបស់អូស្រ្តាលី គិតមកទល់ពេលនេះ កើនដល់៩១លានដុល្លារ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងកង់បេរ៉ាក៏នឹងផ្តល់ជំនួយមនុស្សធម៌បន្ថែមទំហំ ២២.២លានដុល្លារអាមេរិក ដល់ទីក្រុងកៀវផងដែរ ដើម្បីផ្តោតទៅលើការការពារស្រ្តី កុមារ ជនចាស់ជរា និងជនពិការ។ ប្រការនេះនាំឱ្យទំហំជំនួយមនុស្សធម៌របស់អូស្រ្តាលី កើនដល់៤៨.២លានដុល្លារអាមេរិក»

ជាចុងក្រោយ រដ្ឋាភិបាលអូស្រ្តាលីបានគូសបញ្ជាក់បន្ថែមថា ខ្លួនក៏នឹងផ្តល់មូលនិធិ តាមរយៈអង្គការមិនមែនរដ្ឋាភិបាល នៅក្រោមភាពជាដៃគូមនុស្សធម៌អូស្រ្តាលី ក៏ដូចជាមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន និងកម្មវិធីស្បៀងអាហារពិភពលោក ថែមទៀតផង ដើម្បីជួយគាំទ្រដល់ជនស៉ីវិលនៅអ៊ុយក្រែន៕