(ប៉េកាំង)៖ យោធាចិនកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ បានសេចក្តីថ្លែងការណ៍ថា ការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៧ ខែមីនា ដោយនាវាចម្បាំង រ៉ាហ្វ ចនសុន (Ralph Johnson) របស់សហរដ្ឋអាមេរិក គឺជាសកម្មភាពបង្កហេតុ ហើយផ្តល់សញ្ញាមិនត្រឹមត្រូវទៅកាន់ ក្រុមចង់ទាមទារឯករាជ្យនៅកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២០ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យមួយរូបរបស់យោធាចិន បានលើកឡើងថា សកម្មភាពខាងលើនេះ គឺគ្រោះថ្នាក់ខ្លាំងណាស់ ហើយលោកក៏បានបន្ថែមដែរថា យោធាចិនបានធ្វើការឃ្លាំមើលជាប់ ចំពោះការធ្វើដំណើរឆ្លងកាត់នោះ របស់នាវាចម្បាំងអាមេរិក។ កន្លងមក ទីក្រុងវ៉ាស៉ីនតោនជារឿយៗ បានចល័តនាវាយោធារបស់ខ្លួន ក្នុងសកម្មភាពស្រដៀងគ្នានេះ ហើយទទួលរងទៅវិញនូវ ការរិះគន់ជានិច្ចពីសំណាក់ទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា សម្រាប់ចិន តៃវ៉ាន់គឺជាបញ្ហាដ៏រសើបនិងសំខាន់ជាទីបំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។ អាមេរិក ដែលមិនមានទំនាក់ទំនងការទូតផ្លូវការ ជាមួយទីក្រុងតៃប៉ិឡើយនោះ គឺជាខ្នងបង្អែកសំខាន់បំផុតរបស់តៃវ៉ាន់នៅលើឆាកអន្តរជាតិ ហើយក៏ជាអ្នកផ្គត់ផ្គង់អាវុធធំបំផុត របស់ដែនកោះនេះផងដែរ។

ក្នុងជំនួបតាមទូរស័ព្ទកាលពីថ្ងៃសុក្រសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ថា បញ្ហាកោះតៃវ៉ាន់ ចាំបាច់ត្រូវដោះស្រាយឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងការបង្កផលប៉ះពាល់យ៉ាងអវិជ្ជមាន ចំពោះទំនាក់ទំនងរវាងកំពូលមហាអំណាចទាំងពីរ៕