(ប៊ែរឡាំង)៖ ប៉ុន្មានថ្ងៃ មុននឹងប្រកាសបើកប្រតិបត្តិការយោធាវាយលុកចូលអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ, លោក វ្ល៉ាឌីមៀ ពូទីនបានចោទប្រកាន់ សហរដ្ឋអាមេរិក និង NATO ថាបានក្បត់ពាក្យសន្យាមិនពង្រីកទឹកដីឆ្ពោះមកទិសខាងកើត ពោលគឺឆ្ពោះមកក្បែរព្រំដែនរុស្ស៊ី។ «ពួកគេបានក្បត់ពាក្យ សន្យា ក្នុងនោះរួមមានការសន្យាមិនពង្រីកទឹកដី NATO សូម្បីតែមួយចំអាម មកកាន់ទិសខាងកើត»។ នេះជាការគូសបញ្ជាក់របស់លោក ពូទីន។

ជាការពិតណាស់ ការសន្យាដែលលោក ពូទីនបានលើកឡើង វានៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាសមកទល់នឹងបច្ចុប្បន្ន។ មានភាពចម្រូងចម្រាស គឺដោយសារតែវាជាពាក្យសន្យាមាត់ នឹងមាត់ មិនមែនជាសន្ធិសញ្ញាអ្វីនោះទេ។ អ្នកជំនាញខ្លះថា NATO ពិតជាបានក្បត់ពាក្យសន្យាជាមួយរុស្ស៊ី រីឯ ខ្លះទៀតយល់ថាគ្រាន់តែជាលេសដែលលោក ពូទីន ប្រើដើម្បីឈ្លានពានអ៊ុយក្រែនតែប៉ុណ្ណោះ។ ដូច្នេះថាតើមាន ឬមិនមែនពាក្យសន្យាទាំងនេះ ហើយ ហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះរុស្ស៊ី?

នៅក្រោយសង្រ្គាមលោកលើកទី២ បានបិទបញ្ចប់នៅឆ្នាំ១៩៤៥, តំបន់អឺរ៉ុបទាំងមូលត្រូវពុះចែកជាពីរប្លុក។ ប្លុកលោកខាងលិចដឹកនាំដោយ NATO មានអាមេរិកជាបងធំ និងប្លុកខាងកើតគ្រប់គ្រងដោយអតីតសហភាពសូវៀត ឬគេស្គាល់ជាទូទៅថាប្រទេសនៃកាតិកសញ្ញាវ៉ាសូវី (Warsaw Pact)។ វាបានក្លាយជាបន្ទាត់ក្រហមពុះចែកដែនឥទ្ធិពលយ៉ាងច្បាស់រវាងកំពូលមហាអំណាចទាំង២ គឺអាមេរិក និងសូវៀតនាសម័យសង្រ្គាមត្រជាក់។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក ដែនដី NATO កាន់តែរីកធំឡើងបន្តិចម្ដង រហូតដល់ឆ្នាំ១៩៩០ ទើបការឈ្លោះប្រកែកគ្នាបានចាប់ផ្ដើម ពាក់ព័ន្ធនឹងការបង្រួបបង្រួម អាល្លឺម៉ង់ខាងលិច និងអាល្លឺម៉ងខាងកើតឱ្យទៅជាប្រទេសតែមួយ។

បើតាមលោក ចូហ័រ ស៊ីហ្រី្វនសុន (Johua Shifrinson) ជាសាស្ត្រចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ មកពីសាកលវិទ្យាល័យ Boston, សហរដ្ឋអាមេរិក និងជាអ្នកស្រាវជ្រាវពីគោលនយោបាយការបរទេសអាមេរិក និងសូវៀត, អាល្លឺម៉ង់គឺជាចំណុចស្នូលមួយដ៏សំខាន់នៃសង្រ្គាមត្រជាក់នៅអឺរ៉ុប ហើយក៏ មានជាប់ពាក់ព័ន្ធផងដែរនឹងសំណួរថាតើពិតជាមាន ឬមិនមានការសន្យានៅក្នុងឆ្នាំ១៩៩០? លោកបន្ថែមថាសហរដ្ឋអាមេរិក មិនចង់ឃើញអាល្លឺម៉ង់ រួបរួមតែមួយដែលមានឯកភាពជាតិ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សូវៀតទេ ហើយក៏មិនចង់ឱ្យអាល្លឺម៉ង់មានអព្យាក្រឹតនោះដែរ ព្រោះបារម្ភថា អាល្លឺម៉ង់អាចត្រឡប់ទៅរករបបណាហ្ស៊ីវិញនៅថ្ងៃណាមួយ។

ម្លោះហើយសហរដ្ឋអាមេរិក មានជម្រើសដ៏ល្អមួយ នោះគឺបញ្ចូលអាល្លឺម៉ង់នៅក្នុងបក្សសម្ព័ន្ធយោធា NATO។ ប៉ុន្តែ ដើម្បីអាចធ្វើបែបនេះបាន អាមេរិក ត្រូវផ្ដល់សម្បទាន ឬបញ្ចុះបញ្ចូលសូវៀតជាមុនសិន។ នៅត្រង់ចំណុចនេះឯង មានការសន្យាមាត់នឹងមាត់ ជុំវិញការពង្រីកទឹកដីរបស់ NATO ។ នៅខែកុម្ភៈ ឆ្នាំ១៩៩០, នៅក្នុងកិច្ចប្រជុំធ្វើឡើងជាបន្តបន្ទាប់ មេដឹកនាំអាមេរិក និងមេដឹកនាំអាល្លឺម៉ង់ខាងលិចនាសម័យនោះបាននិយាយដោយ បើកចំហថាប្រសិនបើថ្នាក់ដឹកនាំសូវៀតយល់ព្រមឱ្យអាល្លឺម៉ង់បង្រួបបង្រួមជាប្រទេសតែមួយ ហើយអាល្លឺម៉ង់នៅតែអាចចូលជាសមាជិក NATO បាន នោះ NATO នឹងមិនពង្រីកទឹកដីសូម្បីតែមួយចំអាមឆ្ពោះទៅកាន់ទិសខាងកើត។

ក្រោយមកទៀត មានឯកសារជាច្រើនត្រូវបានចេញផ្សាយដែលបញ្ជាក់ថាបណ្ដាមេដឹកនាំលោកខាងលិច ពិតជាបានប្រាប់ថ្នាក់ដឹកនាំសូវៀត ក្នុងនោះ រួមមាន «យើងជឿជាក់ថា NATO នឹងមិនពង្រីកឥទ្ធិពលរបស់ខ្លួន, ក្រុមប្រឹក្សា NATO ប្រឆាំងជំទាស់នឹងការពង្រីកទឹកដីរបស់ NATO ហើយសូម្បីតែ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក James Backer ក៏ធ្លាប់បាននិយាយដែរថាវត្តមានយោធា NATO នឹងមិនត្រូវបានពង្រីកទៅកាន់ទិសខាងកើត នោះទេ»

ប៉ុន្តែ តើមានរឿងអ្វីកើតឡើងចំពោះ NATO នៅក្រោយអាល្លឺម៉ង់រួបរួមគ្នាជាប្រទេសតែមួយ? នៅឆ្នាំ១៩៩៩, សាធាណរដ្ឋឆែក, ហុងគ្រី និងប៉ូឡូញ បានក្លាយជាសមាជិក NATO។ នៅឆ្នាំ២០០៤, បណ្ដារដ្ឋក្នុងតំបន់់បាល់ទិក និងប្រទេសចំនួន ៤ ទៀតបានចូលជាសមាជិក NATO ហើយចុងក្រោយ បំផុតប្រទេសចំនួន៤ ក៏បានចូល NATO ផងដែរនៅឆ្នាំ២០០៩។ នៅឆ្នាំ២០០៨ ហ្ស៊កហ្ស៊ី និងអ៊ុយក្រែនបានស្នើសុំចូលបក្សសម្ព័ន្ធយោធាមួយនេះដែរ ប៉ុន្តែមិនទាន់អាចចូលបាននៅឡើយមកទល់នឹងពេលនេះ។ ទាំងនេះមើលទៅហាក់ដូចជា NATO បានក្បត់ពាក្យសន្យាជាមួយរុស្ស៊ីពិតមែន។

តែយ៉ាងណាក៏ដោយ អ្នកជំនាញមួយចំនួនដូចជាលោក Steven Pifer ជាអតីតអគ្គរដ្ឋទូតអាមេរិកប្រចាំអ៊ុយក្រែនពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ បានលើកឡើងថាសហរដ្ឋអាមេរិក និង NATO ជាពិសេសអតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោក James Backer មិនបានជជែក ឬធ្វើការសន្យា ណាមួយពាក់ព័ន្ធនឹងការពង្រីកទឹកដីរបស់ NATO ឡើយ តែផ្ដោតសំខាន់លើតែការបង្រួបបង្រួមអាល្លឺម៉ង់ឱ្យក្លាយជាប្រទេសតែមួយប៉ុណ្ណោះ។ លោក Pifer បន្តថាការសន្យា ឬការប្ដេជ្ញាចិត្តណាមួយមិនបានសំដៅលើប្រទេសដូចជា ប៉ូឡូញ ឬលីទុយអានីនោះទេ ពីព្រោះកាតិកសញ្ញានៅតែមានដង្ហើម នៅឡើយនៅពេលនោះ។

ប៉ុន្តែ លោក Johua Shifrinson យល់ថាមេដឹកនាំសូវៀត និងអាមេរិកសុទ្ធតែដឹងដូចគ្នាថាអ្វីដែលកើតឡើងនៅថ្ងៃខាងមុខ នៅក្នុងតំបន់អឺរ៉ុប គឺវាមាន ជាប់ពាក់ព័ន្ធនឹងតំបន់អឺរ៉ុបខាងកើតទាំងមូល មិនមែនត្រឹមតែអាល្លឺម៉ង់តែមួយគត់នោះទេ។ ដូច្នេះ អ្វីដែលគេត្រូវទទួលស្គាល់នោះគឺវាជាការសន្យា មាត់នឹងមាត់ មិនមែនជាសន្ធិសញ្ញាអ្វីទេ៕

ប្រភព៖ DW (ថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២)