(សិង្ហបុរី)៖ ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃសៅរ៍នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ១០,២៤៤នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ នាំឱ្យចំនួនអ្នកឆ្លងសរុបកើនលើស ១លាននាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

បើតាមក្រសួងសុខាភិបាលសិង្ហបុរី នៅក្នុងចំណោមករណីឆ្លងប្រចាំថ្ងៃខាងលើ មាន ១០,១០២នាក់ជាករណីនៅក្នុងស្រុក ខណៈ១៤២នាក់ ជាករណីនាំចូល។ បន្ថែមពីលើនេះ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ៣នាក់ក៏បានស្លាប់ផងដែរ។

គួរបញ្ជាក់ថា បូកបញ្ចូលតួលេខថ្មីខាងលើ, ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 នៅក្នុងប្រទេសសិង្ហបុរីសរុបកើនដល់ ១,០០៧,១៥៨នាក់ ក្នុងនោះ ស្លាប់ ១,១៩៤នាក់៕