(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ សភាជាន់ទាបអាមេរិកបានអនុម័តលើគម្រោងច្បាប់មួយស្តីពីថវិកាសហរដ្ឋរដ្ឋាភិបាល ដែលមានទឹកប្រាក់ច្រើន សម្បើម ក្នុងនោះបូករួមទាំងជំនួយថវិកាបន្ទាន់ផ្តល់ឱ្យអ៊ុយក្រែន ដែលមានចំនួនច្រើនឡើងដល់ ១ម៉ឺន ៣ពាន់ ៦រយលានដុល្លារអាមេរិក។ ប៉ុន្តែដោយ មកពីបក្សទាំងពីររបស់អាមេរិកមានការខ្វែងគំនិត ក្នុងបញ្ហាចាត់ចែងថវិកាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានជាសភាជាន់ទាបអាមេរិក បានលុបចោលថវិកាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ចំនួន ១ម៉ឺន៥ពាន់៦រយលានដុល្លារអាមេរិកក្នុងគម្រោងច្បាប់នេះតែម្តង។

ដោយគិតពិចារណាថាបច្ចុប្បន្ននេះការរីករាលដាលនៃជំងឺកូវីដ១៩ នៅអាមេរិកនៅតែមានភាពធ្ងន់ធ្ងរដដែល ហើយថវិកាទប់ទល់នឹងជំងឺកូវីដ១៩ ក៏តែងតែខ្វះខាត ដូច្នេះសេចកី្តសម្រេចចិត្តមួយនេះគួរឱ្យអ្នកផងភ្ញាក់ផ្អើល ដែលបានបង្ហាញម្តងទៀតទៅកាន់ពិភពលោកថា ក្នុងនាមជាប្រទេស មហាអំណាចតែមួយគត់នៅលើពិភពលោក យកផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនតម្កល់លើអាយុជីវិតរបស់ប្រជាជនដោយយ៉ាងម៉េច ក៏ដូចជា អ្នកនយោបាយអាមេរិកដែលនិយាយពី «សិទ្ធិមនុស្ស» ពេញៗមាត់ទាំងនោះ មិនអើពើ និងបំពានសិទ្ធិរស់រានមានជីវិតរបស់ប្រជាជនសាមញ្ញ យ៉ាងដូចម្ត៉េច។

អនុលោមតាមតួលេខស្ថិតិរបស់សកលវិទ្យាល័យ Johns Hopkins របស់អាមេរិកបានឱ្យដឹងថា បច្ចុប្បន្ននេះ អាមេរិកបានរកឃើញករណី ឆ្លងជំងឺកូវីដ១៩ ជិត៨០លាននាក់ ករណីស្លាប់ដោយសារជំងឺកូវីដ១៩ មានចំនួនជិត១លាននាក់ ត្រូវគេហៅថា «ប្រទេសទទួលបរាជ័យធំជាងគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» ដ៏ពិតប្រាកដ។

រីឯការលុបចោលថវិកាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចំនួន១ម៉ឺន៥ពាន់៦រយលានដុល្លារអាមេរិក បានបង្ហាញថា ការបដិបក្ខរវាងបក្ខពួក និងមានភាពជ្រុលនិយមបានអូសប្រជាជនអាមេរិកឱ្យធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់ ហើយក៏បានក្លាយជាវដ្ត វិលចុះវិលឡើងដ៏អាក្រក់នៃជំងឺរ៉ាំរ៉ៃក្នុងសង្គម ដែលមានសភាពកាន់តែធ្ងន់ធ្ងរផងដែរ។

ក្នុងបរិបទ «ធ្វើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩លើនយោបាយ» ជំងឺរ៉ាំរ៉ៃក្នុងសង្គមអាមេរិកដែលមានតាំងពីដើមមក បាននិងកំពុងមានសភាពកាន់តែ ធ្ងន់ធ្ងរឡើង។ បច្ចុប្បន្ននេះ តួលេខនៃការរីករាលដាលរបស់ជំងឺកូវីដ១៩ នៅអាមេរិកបានកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែសង្គមអាមេរិកបែរជា ធ្វេសប្រហែសចំពោះបញ្ហានេះ។ អ្នកវិភាគបានសម្គាល់ឃើញថា មូលហេតុមួយគឺ អត្រាស្លាប់របស់ជនជាតិអាមេរិកដើមកំណើតអាហ្វ្រិក អេស្ប៉ាញ និងជនជាតិដើមភាគតិច ខ្ពស់ជាងជនជាតិអាមេរិកស្បែកស រីឯក្រុមមនុស្សទាំងនេះមិនដែលទទួលការផ្តោតសំខាន់ពីសំណាក់សង្គមតាំងពីដើមមក។

ប្រការនេះបានឃើញច្បាស់ថា ការរើសអើងពូជសាសន៍បានចាក់ឬសយ៉ាងជ្រៅក្នុងសង្គមអាមេរិក។ ក្នុងបរិបទជំងឺកូវីដ១៩ អារម្មណ៍ទទួលបាន អារម្មណ៍សុភមង្គល និងអារម្មណ៍ខាងសុវតិ្ថភាពរបស់ប្រជាជនសាមញ្ញអាមេរិកត្រូវបានបាត់បង់ ដូចជាអតិផរណាមានភាពកាន់តែអាប់អួគម្លាតរវាង អ្នកក្រីក្រ និងអ្នកមានកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ មួយផ្នែក ប្រជាជនស្រទាប់ទាបមានភាពលំបាកខាងការហូបចុក មួយផ្នែកទៀត មហាសេដ្ឋីមានទ្រព្យសម្បតិ្តកាន់តែស្តុកស្តម្ភ។

សភាពការណ៍កាន់តែធ្ងន់ធ្ងរប្រហែលនឹងកើតមាននៅពេលខាងមុខ។ តាមដំណឹងនៃវេបសាយប៉ុស្តិ៍ព័ត៌មាន និងពាណិជ្ជកម្មរបស់អ្នកប្រើប្រាស់អាមេរិក ដែលផ្សព្វផ្សាយនៅពេលថ្មីៗកន្លងមកបានឱ្យដឹងថា អ្នកវិទ្យាសាស្ត្រ គ្រូពេទ្យ និងអ្នកជំនាញខាងសុខាភិបាលសាធារណៈចំនួនជាង២០រូបបាន ចេញផ្សាយរបាយការណ៍ ដែលបានលើកឡើងថា អាមេរិកត្រឡប់ទៅជីវភាពជាប្រក្រតីវិញ នៅត្រូវការរយៈពេលជាយូរ។

បើគិតពីចារណាដោយទុទិដ្ឋិនិយម ចាប់ពីពេលនេះដល់ខែមីនា ឆ្នាំ២០២៣ បើសិនជាលេចចេញវីរុសបម្លែងថ្មីទៀត នោះនឹងឆ្លងប្រជាជនអាមេរិក ចំនួន៨០ភាគរយ អ្នកឆ្លងជំងឺចំនួន ០.១ភាគរយនឹងស្លាប់បាត់បង់ជីវិត ពោលគឺប្រហែលនឹងមានជនជាតិអាមេរិកចំនួន ២សែន៦ម៉ឺន៤ពាន់នាក់ ស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។

អ្នកនយោបាយអាមេរិកដែលគិតតែផលប្រយោជន៍ នយោបាយផ្ទាល់ខ្លួន ងប់ងល់នឹងធ្វើការបដិបក្ខបក្ខពួក ហើយមិនអើពើសិទ្ធិមនុស្សរបស់ប្រជាជន បាន និងកំពុងធ្វើឱ្យអាមេរិកមានកំហុសម្តងហើយម្តងទៀតនៅតាមផ្លូវប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕