(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទសអាមេរិក លោក អាន់តូនី ប្លីនខិន (Antony Blinken) បាននិយាយនៅក្នុងកិច្ចប្រជុំតុមូលជាមួយអ្នកសារព័ត៌មានថា ទណ្ឌកម្ម ដែលសហរដ្ឋអាមេរិកបានដាក់លើរុស្ស៊ី នឹងបន្តរហូតទាល់តែទីក្រុងម៉ូស្គូ ព្រមបកក្រោយវិញ។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មានរុស្ស៊ី Tass នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

ថ្លែងនាឱកាសនោះ លោក ប្លីនខិន បានបញ្ជាក់ដូច្នេះថា «ជាការពិត គោលបំណងនៃការដាក់ទណ្ឌកម្មនេះ គឺដើម្បីផ្លាស់ប្តូរឥរិយាបថរបស់រុស្ស៊ី ឱ្យស្រប
តាមអ្វីដែលយើងកំពុងធ្វើ»។ លោកបន្ថែមថាសាធារណជនត្រូវត្រៀមចំពោះអ្វីដែលកើតឡើងពីទណ្ឌកម្មដែលនឹងបន្ត មួយរយៈពេលទៀតពីព្រោះ លទ្ធផលដែលរំពឹងទុកនឹងមិនអាចសម្រេចបានឆាប់ៗនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានបើកប្រតិបត្តិការយោធាវាយលុកចូលអ៊ុយក្រែន។ ប្រទេសលោក ខាងលិច បានសងសឹកចំពោះសកម្មភាពនេះ ដោយការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើរុស្ស៊ី ដោយមេដឹកនាំលោកខាងលិចបានហៅថាជា «សង្រ្គាមសេដ្ឋកិច្ចប្រឆាំនឹងរុស្ស៊ី»។ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គៃ ឡារ៉ូវ(Sergey Larov) បានហៅសកម្មភាពរបស់ លោកខាងលិចថាជា «ការដាក់ទណ្ឌកម្មឯកតោភាគី»