(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអះអាងថាខ្លួនបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូង ដើម្បីវាយប្រហារ កម្ទេចឃ្លាំងស្ដុកទុកអាវុធមួយកន្លែងស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន, ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ដូច្នេះថា «មីស៊ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) បានកម្ទេចឃ្លាំងអាវុធក្រោមដីដ៏ធំសម្បើមមួយ ដែលមានស្ដុកទុកទៅដោយមីស៊ីល និងអាវុធប្រឆាំងយន្ដហោះចម្បាំង នៅក្នុងភូមិដេលីទីន (Deliatyn) នៃទីក្រុង អ៉ីវ៉ាណូ-ហ្រ្វាន់កៀវ (Ivano-Frankivsk)»

បើតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី រៀ ណូវ៉ូស្ទី (RIA Novosti) នេះជាលើកដំបូងបំផុតដែលរុស្ស៊ីបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal នៅក្នុងសមរភូមិសង្រ្គាមដែលលោក ពូទីន បានប្រកាសថាជាប្រតិបត្តិការយោធាពិសេស។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រម្សិលមិញផងដែរ, ក្រសួងការពារជាតិអ៊ុយក្រែនបានទទួលស្គាល់ថាខ្លួនមិនអាចប្រើប្រាស់ ឬចូលទៅកាន់តំបន់ សមុទ្រអាហ្សូវ (Azov) ជាបណ្ដោះអាសន្ន ខណៈកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុក នៅជុំវិញទីក្រុងកំពុងផែ Mariupol នៃសមុទ្រមួយនេះ៕