(រីយ៉ាដ)៖ ក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានបដិសេធរបាយការណ៍ដែលបានចេញផ្សាយថា រដ្ឋមន្រ្តីការបទេសអាមេរិក លោក អេនតូនី ប្លីនខិន (Antony Blinken)នឹងមកធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្ររបស់ខ្លួន ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយលើការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត SPA។ កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ព័ត៌មានជាច្រើនបានចេញផ្សាយថាអារ៉ាប៊ីសាអូឌីត កំពុងទន្ទឹមរង់ចាំស្វាគមន៍លោក ប្លីនខិន ដើម្បីពង្រឹងកិច្ចពិភាក្សាជាវិជ្ជមាន បើទោះបីជាមិនទាន់ មានកិច្ចប្រជុំណាមួយត្រូវបានកំណត់ពេល នៅក្នុងទីក្រុងរីយ៉ាដក៏ដោយ។

ប៉ុន្តែ ខាងក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត បានច្រានចោលសេចក្ដីរាយការណ៍នេះ។ ប៉ុន្តែ ក៏មិនបានបញ្ជាក់អ្វីលម្អិតនោះដែរ ខណៈរដ្ឋបាលលោក បៃដិន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយទីក្រុងរីយ៉ាដ ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ប្រេង៕