(ប៉េកាំង)៖ ប្រធានាធិបតិចិន លោក ស៊ី ជិនពីង បានប្រាប់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រសប្តាហ៍នេះ ថាបញ្ហាតៃវ៉ាន់ចាំបាច់ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ ដើម្បីចៀសវាងផលប៉ះពាល់ជាអវិជ្ជមានលើទំនាក់ទំនងរវាងចិន និងអាមេរិក។ នេះបើតាម ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

ចិនចាត់ទុកថា កោះតៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ខ្លួនប៉ុណ្ណោះ ហើយបានព្រមានថានឹងប្រើប្រាស់កម្លាំងយោធា ក្នុងការបង្រួបបង្រួមជាតិ ជាមួយតៃវ៉ាន់ ប្រសិនបើចាំបាច់។ ដោយឡែក ទីក្រុងវ៉ាស៊ីនតោន ដែលកំពុងស្វែងរកជំនួយពីទីក្រុងប៉េកាំង ក្នុងការស្តារសន្តិសុខនៅអ៊ុយក្រែន មិនបានផ្អាកទំនាក់ទំនងការទូតជាមួយទីក្រុងតៃប៉ិនោះទេ ប៉ុន្តែបានផ្តល់ការគាំទ្រជាអន្តរជាតិ ក្នុងនោះរួមមានទាំងការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់។

ថ្លែងនៅក្នុងជំនួបជាមួយលោក បៃដិន, លោក ស៊ី ជិនពីង បានបញ្ជាក់ដូច្នេះថា «បុគ្គលមួយចំនួននៅឯសហរដ្ឋអាមេរិក កំពុងបញ្ជូនសញ្ញាខុសទៅកាន់ កងកម្លាំងគាំទ្រឯករាជ្យនៅតៃវ៉ាន់ ហើយនេះជារឿងដ៏គ្រោះថា្នក់បំផុត»។ «បើបញ្ហាតៃវ៉ាន់មិនត្រូវបានដោះស្រាយឲ្យបានត្រឹមត្រូវទេ វានឹងជះឥទ្ធិលពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ»។

គួរបញ្ជាក់ថា ប៉ុន្មានម៉ោង មុននឹងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី លោក ស៊ី ជិនពីង ត្រូវជួបសន្ទនាគា្ន ចិនត្រូវបានគេរាយការណ៍ថា បានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) របស់ខ្លួនឱ្យធ្វើដំណើរនៅក្បែរកោះគីនមិន (Kinmen) គ្រប់គ្រងតៃវ៉ាន់ និងដែលស្ថិត នៅទល់មុខទីក្រុងសៀនមិន (Xiamen) របស់ចិន នៅក្រោមការតាមឃ្លាំមើលពីសំណាក់នាវាពិឃាតបំពាក់មីស៊ីល យូអេសអេស រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson)៕