(កៀវ)៖ ក្រសួងការពារជាតិអ៊ុយក្រែន នៅថ្ងៃសុក្រសប្ដាហ៍នេះបានទទួលស្គាល់ថាខ្លួនមិនអាចប្រើប្រាស់ ឬចូលទៅកាន់តំបន់សមុទ្រអាហ្សូវ (Azov) ជាបណ្ដោះអាសន្ន ខណៈកងទ័ពរុស្ស៊ីកំពុងបង្កើនការវាយលុក នៅជុំវិញទីក្រុងកំពុងផែ Mariupol នៃសមុទ្រមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «កងទ័ពសត្រូវបានទទួលជោគជ័យមួយផ្នែក នៅក្នុងតំបន់ដូណេត (Donetsk) និងបានខ្ទប់ជាបណ្ដោះអាសន្នមិនឱ្យអ៊ុយក្រែនប្រើប្រាស់ ឬចូលទៅកាន់តំបន់សមុទ្រ Azov»។ ប៉ុន្តែ ក្រសួងការពារជាតិអ៊ុយក្រែន មិនបានបញ្ជាក់ថាតើកងទ័ពអ៊ុយក្រែន អាចប្រើ ឬចូលទៅកាន់តំបន់សមុទ្រនេះបានឡើងវិញហើយ ឬក៏យ៉ាងណា នោះទេ។

គួរបញ្ជាក់ថា រុស្ស៊ី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បានអះអាងថាកងទ័ពរបស់ខ្លួន បានបង្កើនការវាយលុកនៅជុំវិញទីក្រុងម៉ារីយូប៉ូល ជាទីដែល ៨០ភាគរយនៃផ្ទះសម្បែង និងអគារនានារងការបំផ្លិចបំផ្លាញ រីឯប្រជាជនច្រើនជាង ១,០០០នាក់ បន្តជាប់គាំងនៅក្នុងតំបន់ជម្លោះ។ ម៉ារីយូប៉ូល ដែលជាទីក្រុងយុទ្ធសាស្ត្រមួយដ៏សំខាន់នៃសមុទ្រ Azov បានរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ី ចាប់តាំងពីលោក ពូទីន ប្រកាសបើក ប្រតិបត្តិការយោធា ដែលលោកខាងលិចហៅថាជាការឈ្លានពាន កាលពីថ្ងៃទី២៤ ខែកុម្ភៈមកម្ល៉េះ។

ទីក្រុងមួយនេះជាផ្លូវតភ្ជាប់ពីតំបន់គ្រីមេ គ្រប់គ្រងដោយរុស្ស៊ី ទៅកាន់តំបន់ភាគខាងលិច និងតំបន់ដូណេត ឆ្ពោះទៅភាគខាងកើតនៃប្រទេស អ៊ុយក្រែន។ រុស្ស៊ីក៏ធ្លាប់បានអះអាងដែរថាកាលពីថ្ងៃទី១ ខែមីនាថាពួកគេបានកាត់បិទផ្លូវមិនឱ្យកងទ័ពអ៊ុយក្រែន ចូលទៅកាន់សមុទ្រ Azov៕