(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសៅរ៍នេះ បានអំពាវនាវឲ្យមានកិច្ចចរចាសន្តិភាពគ្រប់ជ្រុងជ្រោយ ជាមួយ ទីក្រុងម៉ូស្គូ ដោយនិយាយថាបើមិនដូច្នេះទេ រុស្ស៊ីនឹងត្រូវទុកឲ្យមនុស្សជំនាន់ក្រោយរបស់ខ្លួនជាអ្នករងគ្រោះពីសង្រ្គាម។ នេះបើយោងតាម ការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

ក្នុងសុន្ទរកថាតាមវីដេអូ បន្ទាប់ពីលោក ពូទីន ចោទអ៊ុយក្រែនថាកំពុងអូសបន្លាយកិច្ចចរចាជាមួយរុស្ស៊ី, លោក ហ្សេលេនស្គី បានបញ្ជាក់ថាអ៊ុយក្រែនតែងតែផ្តល់ដំណោះស្រាយសម្រាប់សន្តិភាព និងចង់បានការចរចាស្តីពី សន្តិភាពប្រកបដោយអត្ថន័យ ស្មោះត្រង់ សម្រាប់សន្តិសុខ ដោយមិនពន្យារពេល។

លោកបន្ថែមថា «ខ្ញុំចង់ឲ្យគ្រប់គ្នាបានឭនូវអ្វីដែលខ្ញុំនិយាយ ជាពិសេសទីក្រុងម៉ូស្គូថាវាដល់ពេលហើយសម្រាប់ការជួប និងជជែកគ្នា»«វាដល់ ពេលហើយសម្រាប់ការស្តារបូរណភាពទឹកដី និងយុត្តិធម៌សម្រាប់អ៊ុយក្រែន បើមិនដូច្នេះទេ ការខាតបង់របស់រុស្ស៊ីនឹងនាំទុក្ខដល់ អ្នកជំនាន់ក្រោយ»

គួរបញ្ជាក់ថា មន្រ្តីរបស់រុស្ស៊ី និងអ៊ុយក្រែនបានជួបចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមិនមានសញ្ញាណាមួយដើម្បីបំបែក ភាពជាប់គាំងរវាងភាគីទាំងពីរនេះបាននៅឡើយទេ ខណៈដែលការវាយប្រហារនៅតែបន្ត។ បើតាមលោក ហ្សេលេនស្គី, ទោះបីជានៅមិនទាន់ មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ ក្នុងការវាយប្រហារលើទីក្រុង ម៉ារូយូប៉ូល (Mariupol) នៅថ្ងៃពុធសប្តាហ៍នេះក៏ដោយ ប៉ុន្តែមានមនុស្សជាង ១៣០នាក់ត្រូវបានគេជួយសង្រ្គោះចេញពីជំរំមួយមានមនុស្សរាប់រយនាក់ស្នាក់នៅ ដែលរងការវាយប្រហារពីរុស្ស៊ី៕