(ញូដេលី)៖ ឆ្លើយតបទៅនឹងការព្រមានរបស់សហរដ្ឋអាមេរិក ចំពោះការនំាចូលប្រេងរបស់ឥណ្ឌាពីរុស្ស៊ី, ទីក្រុងញូដេលីបានប្រកាសថាខ្លួននឹង បន្តនាំចូលថាមពលពីប្រភពណាក៏ដោយ ឲ្យតែស័ក្តិសមនឹងផលប្រយោជន៍ជាតិរបស់ខ្លួន ក្នុងនោះរួមមានទាំងពីរុស្ស៊ីផងដែរ។ នេះបើយោងតាម ការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី Sputnik នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានរុស្ស៊ី Sputnik ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភព ដែលខ្លួនទទួលបានពីក្រុមមន្ត្រីនៃក្រសួងការបរទេសឥណ្ឌាដែល បានបញ្ជាក់ដូច្នេះថា «ការធ្វើប្រតិបត្តិការថាមពលស្របច្បាប់របស់ឥណ្ឌា មិនមានលក្ខណៈនយោបាយទេ ហើយប្រទេសនីមួយៗមានឯករាជ្យភាព នៅក្នុងការនាំចូលប្រេង មិនថានាំចូលពីរុស្ស៊ីក៏ដោយ ក៏មិនគួរត្រូវបានដាក់កំហិតនោះដែរ»

បើតាមរដ្ឋាភិបាលឥណ្ឌា ការកើនឡើងនៃតម្លៃប្រេងចាប់តាំងពីមានជម្លោះក្នុងប្រទេសអ៊ុយក្រែន នាំឲ្យមានការប្រកួតប្រជែងក្នុងការទាញ យកអត្ថប្រយោជន៍កាន់តែខ្លាំង។

ឥណ្ឌា ជាប្រទេសដែលប្រើប្រាស់ថាមពលធំជាងគេលំដាប់ទី៣ នៅពិភពលោក និងបានទិញប្រេងចំនួន ៣លានបារ៉ែល ក្នុងមួយថ្ងៃ ខណៈរុស្ស៊ីបាន បញ្ចុះតម្លៃយ៉ាងច្រើន។ ថ្មីៗនេះ អ្នកនាំពាក្យសេតវិមានអាមេរិក លោកស្រី ជេន សាស្គី ( Jen Psaki) បានព្រមានថាការទិញប្រេងពីរុស្ស៊ី បង្កប់អត្ថន័យថា «ជាការគាំទ្រប្រតិបត្តិការរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន» តែលោកស្រីទទួលស្គាល់ថា ការទិញនេះនឹងមិនបំពានលើទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើរុស្ស៊ីទេ៕