(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់អ៊ុយក្រែនថាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតីបារាំង អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃសុក្រសប្ដាហ៍នេះ ដោយសង្កត់ធ្ងន់ថាទីក្រុងម៉ូស្គូកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែល អាចធ្វើទៅបាន ដើម្បីបញ្ចៀសកុំឱ្យជនស៊ីវិលស្លាប់នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន វិមានក្រឹមឡាំង បានបញ្ជាក់ដូច្នេះថា «ចំណាប់អារម្មណ៍ ត្រូវបានគេទាញចេញពីឧក្រិដ្ឋកម្មសង្រ្គាមជាច្រើន ដែលប្រព្រឹត្តឡើងដោយកងកម្លាំងសន្តិសុខអ៊ុយក្រែន...ជាពិសេសគឺការបាញ់គ្រាប់រ៉ុក្កែត និងកាំភ្លើងវាយប្រហារលើទីក្រុងជាច្រើន នៃតំបន់ដុនបាស់ (Donbas)»។ វិមានក្រឹមឡាំង បានឱ្យដឹងទៀតថានៅក្នុងកិច្ចសន្ទនានោះដែរ លោក ពូទីន បានប្រាប់លោក ម៉ាក្រុងថា កងទ័ពរុស្ស៊ីកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ក្នុងការការពារអាយុជីវិតជនស៊ីវិល ក្នុងនោះរួមមានទាំងការបង្កើតច្រកមនុស្សធម៌ ជម្លៀសជនស៊ីវិលចេញពីតំបន់ជម្លោះជាដើម»។

គួរបញ្ជាក់ថា លោក ពូទីន និងលោក ម៉ាក្រុង ក៏បានពិភាក្សាគ្នាដែរពីកិច្ចចរចាសន្តិសុខភាពដែលកំពុងដំណើរការរវាងទីក្រុងម៉ូស្គូ និងទីក្រុងកៀវ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ប៉ុន្តែ លោក ម៉ាក្រុង នៅកិច្ចសន្ទនាចាយពេល ១ម៉ោង ១០នាទី បានបង្ហាញក្ដីកង្វល់យ៉ាងខ្លាំងចំពោះជោគវាសនានៃទីក្រុងម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ដែលកំពុងរងការវាយប្រហារយ៉ាងសន្ធាប់ពីសំណាក់ កងទ័ពរុស្ស៊ី៕