(ឌូបៃ)៖ ប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ (Bashar al-Assad) បានបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃសុក្រសប្ដាហ៍នេះ ហើយដែលនេះជាដំណើរទស្សនកិច្ចជាលើកដំបូងបំផុតរបស់លោកមកកាន់រដ្ឋអារ៉ាប់មួយ ចាត់តាំងពីសង្រ្គាមស៊ីរីផ្ទុះឡើង កាលពីឆ្នាំ២០១១មក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៩ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអេមីរ៉ាតអារ៉ាប់រួម (WAM) ក៏បានឱ្យដឹងដែរថាលោក អាសាដ ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់រាជាទាយាទ មហាំម៉ាត់ ប៊ិន ហ្សៃយ៉ីត អាល់ ណាស់យ៉ាន (Mohammed bin Zayed al-Nahyan) ដែលបានសង្កត់ធ្ងន់ថាស៊ីរីគឺជាមូលដ្ឋានគ្រឹះមួយនៃសន្តិសុខ ពិភពអារ៉ាប់ ហើយថាអេមីរ៉ាតអារ៉ាប់រួម មានបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុងដាម៉ាស់។

ប៉ុន្តែ ព្រមពេលជាមួយគ្នា ដំណើរទស្សនកិច្ចរបស់លោក អាសាដ ក៏បានធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខឹងសម្បារផងដែរ ដោយក្រសួងការបរទេសអាមេរិក បានបង្ហាញការសោកស្ដាយ, ភ្ញាក់ផ្អើលជាខ្លាំង និងចាត់ទុកថាវាហាក់ដូចជាការទទួលស្គាល់ ឬផ្ដល់ ភាពស្របច្បាប់ដល់លោក អាសាដ។

គួរបញ្ជាក់ថា ប្រធានាធិបតីស៊ីរី លោក អាសាដ បានបំពេញទស្សនកិច្ចទៅកាន់ក្រៅប្រទេស ទៅកាន់ប្រទេសតែ ២គត់ គឺអ៉ីរ៉ង់ និងរុស្ស៊ី ចាប់តាំងពី សង្រ្គាមស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១មក ហើយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោកក៏បានជួបពិភាក្សាជាមួយព្រះមហាក្សត្រអេមីរ៉ាតអារ៉ាប់រួម មហាំម៉ាត់ ប៊ីន រ៉ាស៊ីដ អាល់ម៉ាក់ទូម (Mohammed bin Rashid al-Maktoum) ផងដែរ៕