(ប៉េកាំង)៖ នៅក្នុងការហៅជាវីដេអូ លោកប្រធានាធិបតី Joe Biden និងប្រធានាធិបតីចិន Xi Jinping បានជជែកគ្នានៅព្រឹកថ្ងៃសុក្រនេះជាលើកដំបូង ចាប់តាំងពីខែវិច្ឆិកា ចំពេលមានការព្រួយបារម្ភថាប្រទេសចិនអាចនឹងជួយដល់រុស្ស៊ីចំពោះការឈ្លានពាននៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព៧ត៌មាន ABC នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងសន្និសីទសារព័ត៌មានមុននេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Anthony Blinken បាននិយាយថា លោក Biden នឹងប្រើប្រាស់ការសន្ទនានេះដើម្បី «បញ្ជាក់ឱ្យច្បាស់ថាប្រទេសចិននឹងទទួលខុសត្រូវចំពោះសកម្មភាពណាមួយ ប្រសិនជាមានការគាំទ្រដល់ការឈ្លានពានរបស់រុស្ស៊ី» ហើយថានឹងមានការចំណាយចំពោះសកម្មភាពបែបនេះ។

លោកបានសង្កត់ធ្ងន់ថា «ជាពិសេសប្រទេសចិនមានទំនួលខុសត្រូវក្នុងការប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីដាក់សម្ពាធលើប្រធានាធិបតី ពូទីន និងដើម្បីការពារច្បាប់ និងគោលការណ៍អន្តរជាតិដែលចិនអះអាងថាគាំទ្រ»

គួរបញ្ជាក់ថា ខណៈពេលដែលបណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តបានរួមដៃគ្នាដាក់ទណ្ឌកម្មដ៏តឹងរ៉ឹងលើរុស្ស៊ីជុំវិញការឈ្លានពាន ប្រទេសចិនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងកៀវ ក៏ដូចជាជាមួយទីក្រុងមូស្គូដែរនោះ មិនមានសកម្មភាពទេ៕