(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានឲ្យដឹងនៅថ្ងៃសុក្រនេះថា មនុស្ស១៣០នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីការទម្លាក់គ្រាប់បែកទៅលើរោងមហោស្រពមួយនៅទីក្រុងកំពង់ផែ Mariupol ដែលត្រូវបានឡោមព័ទ្ធដោយកងកម្លាំងរុស្ស៊ី។ ប៉ុន្តែរាប់រយនាក់ទៀតនៅបន្តជាប់គាំងក្នុងគំនរបាក់បែក។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

លោក Zelensky បាននិយាយនៅក្នុងសន្ទរកថាតាមវីដេអូនៅលើ Facebook ថា «មនុស្សជាង១៣០នាក់ត្រូវបានជួយសង្គ្រោះ។ ប៉ុន្តែអ្នកស្រុក នៃទីក្រុង Mariupol រាប់រយនាក់ទៀត នៅបន្តស្ថិតនៅក្រោមគំនរបាក់បែក»។

លោកបានសន្យាថា នឹងបន្តប្រតិបត្តិការជួយសង្គ្រោះ ទោះបីជាមានការបាញ់ផ្លោងនៅក្នុងទីក្រុងភាគខាងត្បូងដែលបានទទួលរងការបំផ្លិចបំផ្លាញដ៏ធំមួយនេះក៏ដោយ។

គួរបញ្ជាក់ថា អ៊ុយក្រែន បាន ចោទ រុស្ស៊ី ថា បាន បើកការវាយប្រហារលើរោងមហោស្រពមួយកាលពី ថ្ងៃ ពុធ បើ ទោះ ជា ក្រុង ម៉ូស្គូ បាន បដិសេធ រឿង នេះ ក៏ដោយ។ អ្នកនាំពាក្យអ៊ុយក្រែន លោកស្រី Lyudmila Denisova បាននិយាយថា ជម្រកការពារគ្រាប់បែកក្រោមរោងកុនជាអ្នកជួយសង្គ្រោះជីវិតមនុស្សពេញវ័យ និងកុមារ៕