(ឡុងដ៍)៖ វិមានក្រឹមឡាំងបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានពិភាក្សាជាមួយក្រុមប្រឹក្សាសន្តិសុខរបស់លោក ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

ខុសពីកិច្ចប្រជុំមុនៗមួយចំនួនជាមួយក្រុមប្រឹក្សាសន្តិសុខជាតិ វីដេអូសន្និសីទរបស់ លោក ពូទីន មិនត្រូវបានចាក់ផ្សាយតាមទូរទស្សន៍ជាតិទេនៅថ្ងៃសុក្រនេះ។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានភាពអន្តរជាតិបច្ចុប្បន្នត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំ និងការផ្លាស់ប្តូរទស្សនៈស្តីពីប្រតិបត្តិការពិសេសរបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនៅអ៊ុយក្រែនដែលកំពុងបន្ត»

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ (Olaf Scholz) កំលុងកិច្ចសន្ទនាតាម ទូរស័ព្ទនៅថ្ងៃសុក្រនេះថាអ៊ុយក្រែន បាននិងកំពុងព្យាយាមអូសបន្លាយកិច្ចចរចាសន្តិភាពជាមួយរុស្ស៊ី ខណៈសង្រ្គាមបានឈានចូលដល់ថ្ងៃទី២៣ ហើយ។

គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ នៅក្នុងអ្វីដែលខ្លួនហៅថា ប្រតិបត្តិការពិសេសមួយដើម្បីបន្ថយសមត្ថភាពយោធារបស់ប្រទេសជិតខាងរបស់ខ្លួន និងកម្ចាត់មនុស្សមួយចំនួនដែលរុស្ស៊ីចាត់ទុកថា អ្នកជាតិនិយមដ៏គ្រោះថ្នាក់៕