(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសុក្រនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ១៦៣,១៧៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន២៣,៥៧៨ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន២,២៤៦ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Nghệ An មានចំនួន៩,៩៦៨ករណី, ខេត្ត Phú Thọ ៨,០៤២ករណី និងខេត្ត Bắc Ninh ៦,៤៨៨ករណី។

ក្នុងរបាយការណ៍ថ្ងៃសុក្រនេះដែរក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ចំនួន៥៧នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៧,៣៦៧,១១២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៣,៨៦១,៩៥៩នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន៤១,៧៤០នាក់៕