(ភ្នំពេញ)៖ តាមការស្រាវជ្រាវរបស់ស្ថាប័នធំៗមួយចំនួននៅលើសកលលោក ដែលធ្វើការពាក់ព័ន្ធទៅបញ្ហាសុខភាពសាធារណៈ បានបង្ហាញថា ការប្រើប្រើប្រាស់ផលិតផលថ្នាំជក់ បានបង្កឱ្យហានិភ័យខ្ពស់ដល់សុខភាព អ្នកប្រើប្រាស់ និងអ្នកស្រូបផ្សែងបារី ពីគេ។ មិនត្រឹមតែប៉ុណ្ណោះ ថ្នាំជក់បានធ្វើឱ្យប៉ះពាល់ដល់ជីវភាពគ្រួសារ និងសេដ្ឋកិច្ច ជាតិយ៉ាងច្រើនលានដុល្លារជារៀងរាល់ឆ្នាំ។

តើការប្រើប្រាស់ថ្នាំជក់មានផលប៉ះពាល់ដល់សុខភាពបែបណាខ្លះ? ហើយអ្នកពាក់ព័ន្ធគួរតែធ្វើអ្វីខ្លះ ដើម្បីកាត់បន្ថយការជក់បារី នៅកម្ពុជាឱ្យមកនៅកម្រិតទាប?

បើនិយាយពីផលិតផលថ្នាំជក់គឺគេសំដៅលើផលិតផលគ្រប់ប្រភេទផ្សំឡើងពីសន្លឹកថ្នាំជក់ សរសៃថ្នាំជក់ ឬសារធាតុនៃថ្នាំជក់ ដែលផលិតដោយឧស្សាហកម្មថ្នាំជក់ ឬដោយមធ្យោបាយផ្សេងៗទៀត ដែលប្រើប្រាស់សម្រាប់ជក់ដោយផ្ទាល់ ឬដោយទម្រង់ផ្សេងៗទៀត មានដូចជា៖ ការជញ្ជក់ ទំពា ចុក ឬហិត។ នេះបើយោងតាម ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រង់មាត្រា៤។

ប្រិយមិត្តជាទីមេត្រី! អាវុធបរមាណូសម្លាប់មនុស្សយ៉ាងច្រើន ក្នុងរយៈពេលខ្លី តែបារីជាឃាតកសម្ងាត់ សម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន។ ឯសង្គ្រាមលោកលើកទី១និងទី២ សម្លាប់មនុស្សចន្លោះពី ៦០ទៅ៨០លាននាក់ប៉ុណ្ណោះ។ តែបារីបានសម្លាប់មនុស្សជាង១០០លាននាក់ ក្នុងសតវត្សទី២០នេះ។ ផ្អែកលើភស្តុតាងដែលមានលក្ខណៈវិទ្យាសាស្ត្រ លើកឡើងក្នុងសន្និសីទរបស់រដ្ឋភាគីនានា នៃអង្គការសុខភាពពិភពលោក ពាក់ព័ន្ធអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ បានធ្វើការសន្និដ្ឋានថា បរិស្ថានគ្មានផ្សែងបារី១០០% ជាមធ្យោបាយតែមួយគត់ ផ្តល់ការការពារពេញលេញ ចំពោះសុខភាពរបស់មនុស្ស ពីផលប៉ះពាល់នៃការស្រូបផ្សែងបារីពីគេ។

លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនា ដើម្បីសុខភាពកម្ពុជាបានមានប្រសាសន៍ ប្រាប់អ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជា-ចិន នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២២តាមរយៈប្រព័ន្ធតេឡេក្រាមថា បច្ចុប្បន្ននេះអត្រាប្រវ៉ាឡង់អ្នកជក់បារីនៅកម្ពុជា មានការថយចុះ តែចំនួនអ្នកជក់វិញមានការកើនឡើង ដោយប្រជាជនមានការកើនឡើងដែរ។ ការប្រើប្រាស់បារីបានបង្កឱ្យកើតជំងឺផ្សេងៗ រហូតឈានដល់ការស្លាប់៖

សំឡេង៖ «ការជក់បារីបង្កឱ្យមានជំងឺពិការភាព និងស្លាប់។ បើយោងតាមការស្រាវជ្រាវរបស់ស្ថាប័នអង្គការសហប្រជាជាតិ ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ២០១៩ថ្មីៗនេះ បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ១៥,០០០នាក់ បានស្លាប់ជារៀងរាល់ឆ្នាំ នាំមុខដោយជំងឺ៥មុខ នាំឱ្យស្លាប់មានដូចជា៖ ជំងឺដាច់សៃ ឈាមខួក្បាល ជំងឺហើមសួត ជំងឺបេះដូងសៃឈាម ជំងឺរលាកផ្លូវដង្ហើមផ្នែកខាងក្រោម ហើយហ្នឹងជំងឺមហារី កសួត បំពង់ករ មាត់ជាដើម។ ក្រៅពីធ្វើឱ្យប្រជាពលរដ្ឋស្លាប់រាប់ម៉ឺននាក់ ជារៀងរាល់ឆ្នាំ ថ្នាំជក់ក៏បានធ្វើឱ្យ ប្រទេសកម្ពុជាខាតបង់សេដ្ឋកិច្ចប្រមាណ ៤៤៩លានដុល្លារសហរដ្ឋអាមេរិក ដែលស្មើនឹង៣%នៃផលិតផលក្នុងស្រុកសរុប (GDP)»

លោក វេជ្ជបណ្ឌិត បញ្ជាក់ថា ការដំឡើងតម្លៃពន្ធលើថ្នាំជក់ជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយ បន្ទាប់ពីវិធីអប់រំប្រជាពលរដ្ឋឱ្យឈប់ជក់បារី ដាក់សាព្រមានសុខភាពលើកញ្ចប់បារី ការហាមផ្សព្វផ្សាយពាណិជ្ជកម្មបារី នៅលើប្រពន្ធផ្សព្វផ្សាយ និងការឈប់ទទួលយកការឧបត្ថម្ភផ្សេងៗ ក្រោមការបង្កប់នូវខ្លឹមសារផ្សាយពាណិជ្ជកម្មរបស់ឧស្សាហកម្មថ្នាំជក់។

សំឡេង៖ «តាមពិតទៅការដំឡើងពន្ធត្រូវបានគេចាត់ទុកថា ជាយុទ្ធសាស្រ្តឈ្នះឈ្នះ។ ឈ្នះទីមួយ គឺបានចំណូលពន្ធចូលរដ្ឋ បន្ថែមពីលើច្រើនជាងមុន នៅពេលបានប្រាក់ពីការឡើងពន្ធបារីនេះ រដ្ឋអាចយកប្រាក់ទាំងនោះទៅកែលម្អវិស័យសុខាភិបាល ឱ្យកាន់តែប្រសើរ វិស័យអប់រំ ឬក៏កែលម្អវិស័យអប់រំជាដើម។ ចំណូលបានច្រើនប្រើប្រាស់បានច្រើនយ៉ាងជាពិសេស ទប់ស្កាត់កូវីដ១៩។ ទីពីរ កាលណាដំឡើងពន្ធបារី មានន័យថាយើងកាត់បន្ថយការវេទនារបស់ប្រជាពលរដ្ឋ។ ចំនួនប្រជាពលរដ្ឋ ដែលឈឺស្លាប់ ពិការដោយមូលហេតុជក់បារីនេះ នឹងថយចុះ! ហើយក្នុងចំណុចហ្នឹង ក៏បានកាត់បន្ថយការ ចំណាយ របស់ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលទៅលើការព្យាបាលជំងឺ ដែលបង្កមកពីការប្រើប្រាស់ថ្នាំជក់»

ការដំឡើងពន្ធលើផលិតផលថ្នាំជក់ គឺជាកាត្វកិច្ចរបស់រដ្ឋភាគី មានន័យថា ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នចូលជារដ្ឋភាគី នៃអនុសញ្ញា ស្តីការត្រួតពិនិត្យថ្នាំជក់ អ៊ីចឹងរដ្ឋភាគីហ្នឹងត្រូវតែដំឡើងពន្ធលើផលិតផលថ្នាំជក់ហើយ។

ការស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិមានជ័យកាលពីឆ្នាំ២០២១បានបង្ហាញថា ប្រជាជនកម្ពុជាប្រមាណ៩៤ភាគរយ ស្នើឱ្យរដ្ឋដំឡើងពន្ធលើផលិតផលថ្នាំជក់ ព្រោះថា ការដំឡើងពន្ធនេះមិនមានផលប៉ះពាល់អ្វីទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ (SEATCA) បានបង្ហាញថា នៅក្នុងអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលត្រូវការថវិកាបន្ថែម ដើម្បីជួយដល់ប្រជាពលរដ្ឋ។ ការដំឡើងពន្ធទៅលើផលិតផល ដែលមានហានិភ័យខ្ពស់ដល់សុខភាព ដូចជាផលិតផលថ្នាំជក់ ជារឿងដែលល្អបំផុតក្នុងពេលនេះ ព្រោះវានឹងធ្វើឱ្យកម្ពុជាទទួល បានអត្ថប្រយោជន៍យ៉ាងក្រាស់ក្រែល ពោលគឺមិនត្រឹមតែទទួលបាន ចំណូលពន្ធរដ្ឋបន្ថែមប៉ុណ្ណោះទេ ថែម ទាំងកាត់បន្ថយការចំណាយលើសុខភាព និងធ្វើឱ្យអ្នកឈប់ជក់បារីមានសុខភាព និងផលិតភាពការងារល្អប្រសើរជាងមុន។

ឯកសារដដែលបានបញ្ជាក់ថាការដំឡើងពន្ធថ្នាំជក់ ធ្វើឱ្យតម្លៃថ្នាំជក់កើនឡើង និងកាត់ បន្ថយលទ្ធភាពទិញបាន ហើយវាជាវិធីសាស្រ្តមាន ប្រសិទ្ធភាពបំផុតក្នុងការកាត់ បន្ថយការប្រើប្រាស់ថ្នាំជក់ និងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ។ ប្រសិនបើកម្ពុជាដំឡើងពន្ធថ្នាំជក់ នឹងជួយឱ្យប្រជាពលរដ្ឋប្រមាណ ២លាននាក់ឈប់ជក់បារី និងប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់រួចផុតពីសេចក្ដីស្លាប់ដោយសារការជក់បារី ក្នុងមួយឆ្នាំៗ។ អត្រាពន្ធថ្នាំជក់នៅកម្ពុជាបច្ចុប្បន្នគឺត្រឹមតែ ២៥%- ៣០% នៃតម្លៃបារីលក់រាយប៉ុណ្ណោះ ដែលជាមធ្យមបារីមួយកញ្ចប់មានតម្លៃតិចជាង ១ដុល្លារសហរដ្ឋអាមេរិក ធ្វើឱ្យលទ្ធភាពទិញបានកាន់តែខ្ពស់។

តើមតិបំភ័ន្តទាក់ទងនឹងការជួញដូរផលិតផលថ្នាំជក់ខុស ច្បាប់ និងការបាត់បង់ចំណូលពន្ធរដ្ឋ កំពុងរំខានដល់សមត្ថកិច្ច របស់រាជរដ្ឋាភិបាលក្នុងការដំឡើងពន្ធថ្នាំជក់ដែរឬទេ? ជាការពិតណាស់ ឧស្សាហកម្មថ្នាំជក់តែងតែបំផ្លើសការរួមចំណែករបស់ខ្លួន និងប្រើ ប្រាស់ការស្រាវជ្រាវដែលលំអៀង ក្រោមការឧបត្ថម្ភរបស់ខ្លួនទាក់ទងនឹង ការជួញដូរផលិតផលថ្នាំជក់ខុសច្បាប់ ដើម្បីប្រឆាំងនឹងការឡើងពន្ធថ្នាំជក់ និងបំភាន់អ្នកបង្កើតគោលនយោបាយ និងសាធារណជន។

តាមការសន្និដ្ឋានប្រហែលជា ១១.៦%នៃទីផ្សារបារីលើសកលលោក គឺជាពាណិជ្ជកម្មខុសច្បាប់ ហើយភាគច្រើនកើតមាន នៅក្នុងប្រទេសដែលមានចំណូលទាប និងចំណូលមធ្យម ដែលបារីមានតម្លៃទាប។ ភស្តុតាងវិទ្យាសាស្រ្តបានបង្ហាញថា ទីផ្សារបារីខុស ច្បាប់នៅប្រទេសដែលហូត ពន្ធបារីទាប និងតម្លៃបារីទាប មានច្រើនជាងប្រទេសដែលហូតពន្ធបារីខ្ពស់ និងតម្លៃបារីខ្ពស់ជាង។

បច្ចុប្បន្នពន្ធថ្នាំជក់នៅប្រទេសកម្ពុជាមានអត្រា២៥%នៃតម្លៃលក់រាយ សម្រាប់បារីផលិតក្នុងស្រុក និង ៣១%សម្រាប់បារីនាំចូល ដែលអត្រានេះនៅមានកម្រិតទាប នៅឡើយ បើធៀបជាមួយអត្រាពន្ធថ្នាំជក់នៃប្រទេសអាស៊ានផ្សេងៗទៀត។ អត្រាពន្ធថ្នាំជក់សមរម្យបំផុត ដែលណែនាំដោយ អង្គការសុខភាពពិភពលោក និងធនាគារពិភពលោកគឺ ៧៥% នៃតម្លៃលក់រាយ។

លោក សែ សុឃន អគ្គនាយករង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្លាប់លើកឡើង នៅក្នុងសិក្ខាសាលាមួយកាលពីខែមករា ឆ្នាំ២០២២កន្លងទៅថ្មីៗនេះថា រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរបញ្ហានេះ ជាបន្តបន្ទាប់ដែរហើយ ប៉ុន្តែការដំឡើងពន្ធលើផលិតផលថ្នាំជក់នេះ គឺរដ្ឋត្រូវមានគោលនយោបាយមួយច្បាស់លាស់ និងយោងតាមស្ថានភាពជាក់ស្តែង ព្រោះបើយើងមិនបានគិតគូរច្បាស់លាស់ទេ អាចមានបញ្ហាប្រឈមផ្សេងៗ ដូចជា៖ ការកើនឡើងនៃផលិតផលក្លែងក្លាយ អាចមានអំពើរត់ពន្ធខុសច្បាប់ និងបទល្មើសផ្សេងៗទៀត។ រាជរដ្ឋបានគិតគូរណាស់ថា ការដំឡើងពន្ធ នឹងបានចំណូលចូលថវិកាជាតិ ប៉ុន្តែហេតុអ្វីបានជាយើងមិនដំឡើងភ្លាមៗ ព្រោះយើងចង់ប្រើវិធានការស្ម័គ្រចិត្តពីប្រជាពលរដ្ឋ និងអប់រំឱ្យពួកគាត់ឱ្យមានការយល់ដឹងជាមុនសិន ព្រោះថា អ្នកជក់បារីមិនសំខាន់លើលុយក្នុងការទិញទេ បើពួកគាត់ចង់ជក់ តម្លៃប៉ុន្មាន ក៏នៅតែទិញមកប្រើប្រាស់ដែរ។

ក្រុមអ្នកតាមដានផ្នែកសង្គមបានមើលឃើញថា ប្រជាពលរដ្ឋភាគច្រើនបានយល់ច្រឡំថា ការជក់បារី មិនចំណាយច្រើន និងមិនមានផលប៉ះដល់សុខភាពពួកគេឡើយ។ តែតាមការពិតពួកគាត់ត្រូវចំណាយច្រើន ទៅលើការទិញបារីពីមួយថ្ងៃទៅមួយថ្ងៃ។ បើក្នុងមួយថ្ងៃជាមធ្យមពួកគាត់ម្នាក់ជក់បារីអស់មួយកញ្ចប់ អ្នកខ្លះជក់បារីថ្លៃថ្លៃអាចអស់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំៗ នេះមិនទាន់គិតពីថ្លៃព្យាបាលជំងឺផ្សេងៗ ដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់នៅឡើយទេ។

យោងតាមឯកសារសំខាន់ៗ និងអ្នកជំនាញបើកស្រាយខាងលើនេះ ផលិតផលថ្នាំជក់ពិតជាឃាតកសម្ងាត់មួយ ដែលសម្លាប់មនុស្សជារៀងរាល់ថ្ងៃ ដោយមិនដឹងខ្លួន ការជក់បារីបង្កឱ្យមានជំងឺច្រើនមុខ ខាត់បង់សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិ។ ម៉្យាងវិញទៀតអ្នកជក់បារី ត្រូវបានគេរើសអើងមិនចង់នៅក្បែឡើយ។ ដូច្នេះយុវជនមិនទាន់ចេះជក់បារីកុំចង់សាក កុំនៅជិតបារី ហើយបើអ្នកធ្លាប់ជក់បារីរួចហើយ គប្បីលះបង់ចោលទៅជាបន្ទាន់ ដើម្បីសុខភាពខ្លួនឯង និងមនុស្សជាទីស្រលាញ់ ដែលរស់នៅជុំវិញខ្លួនអ្នក ព្រោះជក់បារី ជាការដុតលុយចោលរាល់ថ្ងៃ ជក់បារីនាំឱ្យពុកធ្មេញ ជក់បារីនាំឱ្យកើតមហារីកសួត ជក់បារីនាំឱ្យដាច់សសៃឈាមខួក្បាលស្លាប់មុនអាយុជាដើម៕

អត្ថបទវិទ្យុមិត្តភាពកម្ពុជា ចិន