(បាងកក)៖ អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃ នៅថ្ងៃសុក្រនេះ បានសម្រេចថា នឹងលុបចោលលក្ខខណ្ឌ ដែលតម្រូវឱ្យអ្នកដំណើរបរទេសទាំងអស់ បង្ហាញលទ្ធផលតេស្ត «អវិជ្ជមាន» ចំពោះជំងឺ COVID-19 ដែលធ្វើឡើងក្នុងរយៈពេល ៧២ម៉ោង មុនទៅដល់ប្រទេសថៃ ប៉ុន្តែការតម្រូវឱ្យធ្វើតេស្តនៅពេលទៅដល់ គឺនៅបន្តអនុវត្តដដែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

អាជ្ញាធរថៃ CCSA បានបន្ថែមថា លក្ខខណ្ឌខាងលើនឹងត្រូវលុបចោលជាផ្លូវការ នៅថ្ងៃទី០១ ខែមេសា ខាងមុខនេះ។ យ៉ាងណាក្តី នៅពេលដែលទៅដល់ប្រទេសថៃ អ្នកដំណើរបរទេស នឹងត្រូវទទួលការធ្វើតេស្ត RT-PCR ភ្លាមៗ ហើយតម្រូវឱ្យធ្វើតេស្តរហ័សខ្លួនឯងម្តងទៀត នៅថ្ងៃទី៥ ក្រោយពេលទៅដល់។

គួរបញ្ជាក់ថា សម្រាប់លក្ខខណ្ឌដទៃទៀត សម្រាប់អ្នកដំណើរបរទេស ដែលមានបំណងធ្វើដំណើរទៅប្រទេសថៃ ដូចជាការតម្រូវឱ្យ ពួកគេមានការធានារ៉ាប់រង COVID-19 គិតជាទឹកប្រាក់យ៉ាងហោច ២០,០០០ដុល្លារ ជាដើមនោះ គឺនៅដដែល ប៉ុន្តែវាអាចនឹងត្រូវបន្ថយមកនៅទាបជាងនេះ នាពេលក្រោយៗទៀត៕