(តៃប៉ិ)៖ ចិន នៅថ្ងៃសុក្រនេះបានបញ្ជូននាវាផ្ទុកយន្ដហោះចម្បាំងសានទុង (Shandong) របស់ខ្លួនឱ្យធ្វើដំណើរឆ្លងកាត់តាមតំបន់ច្រកសមុទ្រ តៃវ៉ាន់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ មុននឹងលោកប្រធានាធិបតី ចូ បៃដិន និងប្រធានាធិបតី លោក ស៊ី ជិនពីងត្រូវជួបសន្ទនាគា្ន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណដែលខ្លួនទទួលបាន បានឱ្យដឹងទៀតថានាវាផ្ទុកយន្ដហោះចម្បាំង Shandong បានធ្វើដំណើរនៅក្បែរកោះគីនមិន (Kinmen) គ្រប់គ្រងដោយកោះតៃវ៉ាន់ និងដែលស្ថិតនៅទល់មុខទីក្រុងសៀនមិន (Xiamen) របស់ចិន នៅក្រោមការតាមឃ្លាំមើលមិនដាក់ភ្នែកពីសំណាក់នាវាពិឃាតបំពាក់មីស៊ីល យូអេសអេស រ៉ាល់ហ្វ៍ ចនសុន (USS Ralph Johnson)។

បើតាមប្រភពខាងលើដដែល នាវាផ្ទុកយន្ដហោះចម្បាំង Shandong មិនបានដឹកយន្ដហោះចម្បាំងនៅលើនោះទេ នៅពេលធ្វើដំណើរឆ្លងកាត់ តំបន់ច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែ ភ្លាមៗទាំងក្រសួងការពារជាតិចិន, តៃវ៉ាន់ និងសហរដ្ឋអាមេរិក មិនទាន់បញ្ចេញប្រតិកម្មអ្វីទៅការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវបានគេរាយការណ៍ថា នឹងបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង នៅម៉ោង៩យប់នេះ ថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅប៉េកាំង)។ មេដឹកនាំទាំង២ នឹងត្រូវពិភាក្សាគ្នាលើប្រធានបទមួយចំនួន រួមមាន ការគ្រប់គ្រងការប្រកួតប្រជែងរវាងប្រទេសទាំង២, សង្រ្គាមនៅអ៊ុយក្រែន ព្រមទាំងកង្វល់រួមនៃប្រទេសទាំង២ ហើយនេះនឹងក្លាយជាកិច្ចសន្ទនា តាមទូរស័ព្ទជាលើកដំបូងបំផុត ចាប់តាំងពីលោក បៃដិន និងលោក ស៊ី ជិនពីង បានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីខែវិច្ឆិកា ឆ្នាំ២០២១មក៕