(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិនៃសេតវិមាន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា សេតវិមានកំពុងពិភាក្សាអំពីកាលបរិច្ឆេទថ្មី សម្រាប់កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំអាស៊ាន ខណៈដែលប្រធានាធិបតីអាមេរិកលោកចូ បៃដិន (Joe Biden) កំពុងទន្ទឹងរងចាំស្វាគមន៍ថ្នាក់ដឹកនាំអាស៊ាន ទៅកាន់ទីក្រុងវ៉ាស៊ីតោន។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

អ្នកនាំពាក្យអាមេរិក បានលើកឡើងដូច្នេះថា «ដើម្បីធានាថាមេដឹកនាំអាស៊ាន ដែលត្រូវបានអញ្ជើញ អាចចូលរួមទាំងអស់គ្នា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូអាស៊ាន ដើម្បីកំណត់កាលបរិច្ឆេទសមស្របសម្រាប់កិច្ចប្រជុំ»។ សេតវិមានអាមេរិក បានហៅកិច្ចប្រជុំនេះថាជា «អាទិភាពចម្បងមួយ» ដែលនឹងត្រូវប្រារព្ធឡើងចំខួប៤៥ឆ្នាំ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន»។

កិច្ចប្រជុំកំពូលខាងលើ ត្រូវគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយតំបន់អាស៊ាន ដើម្បីទប់ទល់ជាមួយអ្វីដែលអាមេរិកចាត់ទុកថា ជាការពង្រីកឥទ្ធិពលរបស់ប្រទេសចិន។

គួរបញ្ជាក់ថា កន្លងទៅនេះ សេតវិមានបានប្រកាសថា លោក ចូ បៃដិន នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំកំពូលពិសេសជាមួយអាស៊ាន នៅថ្ងៃទី២៨ និង២៩ ខែមីនានេះ ប៉ុន្តែវាត្រូវបានពន្យាពេលទៅវិញ ដោយសារក្រុមមេដឹកនាំអាស៊ាន មិនអាចចូលរួមបានទាំងអស់គ្នា៕