(ម៉ូស្គូ)៖ មន្ត្រីជាន់ខ្ពស់ម្នាក់មកពីតំបន់ផ្ដាច់ខ្លួនគាំទ្រដោយរុស្ស៊ី ក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែនបានឱ្យដឹងថារុស្ស៊ីបានបង្កើត «តំបន់គ្មានការហោះហើរ» នៅក្នុងសាធារណរដ្ឋដូណេត និងលូហ្កាន់នៃតំបន់ដុនបាស់ (Donbass)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Interfax នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

លោក អេឌូអាដ បាស៊ូរីន (Eduard Basurin) ជាអ្នកតំណាងម្នាក់នៃសាធារណរដ្ឋប្រជាមានិតដូណេត ធ្វើការអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ ទូរទស្សន៍ Rossiya-24 នៅថ្ងៃសុក្រនេះ។ ឆ្លើយតបទៅនឹងសំណួរ របស់អ្នកសម្របសម្រួលនៃទូរទស្សន៍ Rossiya-24 ថាតើតំបន់គ្មានការហោះហើរ ត្រូវបានបង្កើតឡើងហើយឬនៅ? លោក Basurin បាននិយាយថាវាពិតជាត្រូវបានបង្កើតឡើងរួចហើយ។

លោកបន្ថែមដូច្នេះថា «ពួកគេ (រុស្ស៊ី) មិនចាំបាច់ប្រគល់ប្រព័ន្ធការពារដែនអាកាសមកឱ្យពួកយើងទេ។ ពោលគឺវាគ្រប់គ្រាន់ ប្រសិនបើរុស្ស៊ីគ្រប់គ្រង ដែនអកាស នោះដូចអ្នកដឹងហើយ វាប្រៀបបានដូចជា ឆត្រ ឬដំបូលការពារមួយនៃតំបន់គ្មានការហោះហើរនៅពីលើសាធារណរដ្ឋរបស់ពួកយើង»

គួរបញ្ជាក់ថា ខាងក្រសួងការពារជាតិរុស្ស៊ី មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ ជុំវិញការអះអាងរបស់លោក Basurin។ ប៉ុន្តែ វាកើតឡើងនៅចំពេលលោក ហ្សេលែនស្គី នៅតែបន្តទទូចឱ្យសហរដ្ឋអាមេរិក និង NATO បង្កើតតំបន់គ្មានការហោះហើរនៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់ការទម្លាក់គ្រាប់បែក របស់រុស្ស៊ី៕