(កៀវ)៖ ជំនួយការរបស់ប្រធានាធិបតីអ៊ុយក្រែន គឺលោក មីកឃេល ផូដូឡាក់ (Mikhail Podolak) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា «កិច្ចប្រជុំដោយផ្ទាល់រវាង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចកើតឡើងបាន លុះត្រាតែសន្ធិសញ្ញាសន្តិភាព ត្រូវបានចុះហត្ថលេខាជាមុនសិន»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT នៅថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍មួយជាមួយ ប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ូឡូញ វឺទូអាល់ណា ប៉ូលស្កា (Wirtualna Polska) លោក ផូដូឡាក់ បាននិយាយដូច្នេះថា «នៅពេលការចរចាស្តីពីសន្តិភាពត្រូវបានព្រមព្រៀងគ្នារវាងភាគីទាំងពីរ ជំនួបរវាងមេដឹកនាំអ៊ុយក្រែន-រុស្ស៉ី នឹងត្រូវរៀបចំឡើងនៅសប្តាហ៍បន្តបន្ទាប់។ ចំពោះទីតាំងគឺមិនសំខាន់ទេសម្រាប់យើង វាអាចរៀបចំឡើងនៅកន្លែងណាក៏បាន ឱ្យតែមិនមែននៅក្នុងប្រទេសរុស្ស៊ី»

លោក ផូដូឡាក់ បានអះអាថា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព គឺអាចនឹងចំណាយពេលខ្លះ ពោលចន្លោះពីត្រឹមប៉ុន្មានថ្ងៃទៅជាងមួយសប្តាហ៍។ លោកទទួលស្គាល់ ខណៈនេះ ភាគីទាំងពីរកំពុងការពារទស្សនៈរៀងៗខ្លួន។ លោកបន្តថា «ការដកទ័ពរបស់រុស្ស៊ី គឺជាចំណុចគន្លឹះមួយនៃកិច្ចព្រមព្រៀងសន្តិភាព។ ទោះយ៉ាងណា ការចរចាគឺមានដំណើរការទូលំទូលាយ ដែលមិនត្រឹមមានការចូលរួមពាក់ព័ន្ធតែពីសំណាក់រុស្ស៊ីនិងអ៊ុយក្រែននោះឡើយ ប៉ូឡូញជាដើមក៏ចូលរួមផងដែរដែរ ហើយវាមិនមែនគ្រាន់តែជាការចុះហត្ថលេខានោះទេ តែយើងចង់បង្កើតយន្តការជាក់លាក់មួយ ដែលធានាសន្តិសុខយើង នាពេលអនាគតថែមទៀតផង។ មួយវិញទៀត សូម្បីសម្រេចបានកិច្ចព្រមព្រៀងក៏ដោយ មិនមែនមានន័យថាជម្លោះ នឹងត្រូវបានបញ្ចប់ទាំងស្រុងនោះដែរ»

កួរបញ្ជាក់ថា គណៈប្រតិភូរបស់រុស្ស៊ីនិងអ៊ុយក្រែន បានបើកកិច្ចចរចាជាច្រើនលើក ចាប់តាំងពីមានការប្រយុទ្ធគ្នា កាលពីចុងខែកុម្ភៈមក ប៉ុន្តែការចរចានៅមិនទាន់ទទួលបាន លទ្ធផលជាក់លាក់ណាមួយនៅឡើយទេ ក្រៅតែពីការព្រមព្រៀងបង្កើតច្រករបៀងមនុស្សធម៌ ដើម្បីជម្លៀសជនស៊ីវិលចេញពី ទីក្រុងដែលរងការវាយប្រហារធ្ងន់ធ្ងរខ្លាំងប៉ុណ្ណោះ៕