(ប៉េកាំង)៖ ម៉ាក្រូសេដ្ឋកិច្ច អចលនទ្រព្យ ភាគហ៊ុនចិននៅបរទេសនិងសេដ្ឋកិច្ចវេទិកា។ល។ បញ្ហាមួយចំនួនដែលទីផ្សារ បានយកចិត្តទុកដាក់បំផុតបានទទួល ការឆ្លើយតបក្នុងកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការអភិវឌ្ឍហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាពនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដែលបើកធ្វើកាលពីថ្ងៃទី១៦ ខែមីនា។ ដូចការវិភាគរបស់ អ្នកជំនាញជាច្រើនដែលបានលើកឡើងថា កិច្ចប្រជុំលើកនេះបានបញ្ចេញសញ្ញាវិជ្ជមានរបស់រដ្ឋាភិបាលចិន ក្នុងការលំនឹងការប៉ាន់ប្រមាណ លំនឹងការវិនិយោគបរទេស និងលំនឹងការអភិវឌ្ឍដោយទាន់ពេលវេលា ដើម្បីបង្កើនយ៉ាងខ្លាំងនូវជំនឿចិត្តរបស់វិនិយោគិន ក្នុងនិងក្រៅប្រទេសចិន។

ហិរញ្ញវត្ថុជាសសៃឈាមនៃការអភិវឌ្ឍសេដ្ឋកិច្ច។ ក្រោមកម្លាំងសម្ពាធដែលបរិយាកាសខាងក្រៅ មិនប្រាកដប្រជា តម្រូវការធ្លាក់ចុះ ការផ្គត់ផ្គង់រងការវាយប្រហារ និងការប៉ាន់ប្រមាណប្រែខ្សោយជាដើម ទីផ្សារហិរញ្ញវត្ថុរបស់ចិន បានរងកម្លាំងសម្ពាធយ៉ាងច្បាស់ ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅ។ ក្នុងគ្រាដ៏គន្លឹះនេះកិច្ចប្រជុំនៃគណៈកម្មាធិការអភិវឌ្ឍហិរញ្ញវត្ថុ ប្រកបដោយស្ថិរភាពលើកនេះ បានប្រឈមមុខដោយផ្ទាល់នូវបញ្ហាគន្លឹះដែលបានធ្វើឱ្យប៉ះពាល់ដល់ទីផ្សារ សង្កត់ធ្ងន់ទៅលើការប្រកាន់ខ្ជាប់ ការអភិវឌ្ឍជាកិច្ចការសំខាន់ទីមួយ សង្កត់ធ្ងន់ទៅលើការប្រកាន់ខ្ជាប់ ការតម្កល់ទុកកិច្ចកសាងសេដ្ឋកិច្ចជាស្នូល ព្រមទាំងសង្កត់ធ្ងន់ទៅលើការប្រកាន់ខ្ជាប់ ការធ្វើឱ្យកំណែទម្រង់មានភាពកាន់តែស៊ីជម្រៅ និងពង្រីកការបើកទូលាយជាដើម សញ្ញាគាំទ្រក្នុងផ្នែកគោលនយោបាយទាំងនេះ បានលំនឹងការប៉ាន់ប្រមាណនៃទីផ្សារ ហើយបន្ធូរបន្ថយអារម្មណ៍ព្រួយបារម្ភ ក្នុងទីផ្សារដោយមានប្រសិទ្ធភាពផងដែរ។

បច្ចុប្បន្ននេះ សេដ្ឋកិច្ចរបស់ចិនបានស្តារឡើងវិញដោយនឹងនរជាបណ្តើរៗ។ តាមទិន្នន័យថ្មីបំផុត ដែលបានប្រកាសនៅពេលថ្មីៗកន្លងទៅនេះឱ្យដឹងថា នៅខែមករា និងខែកុម្ភៈ ឆ្នាំនេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចរបស់ចិនបានល្អជាងការប៉ាន់ប្រមាណ ដែលបានតាំងមូលដ្ឋានគ្រឹះ សម្រាប់ការសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់ចិនពេញមួយឆ្នាំ។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានវាយតម្លៃថា ក្នុងបរិបទដែលជំងឺកូវីដ១៩ បន្តរីករាលដាល សេដ្ឋកិច្ចរបស់ចិនគឺមានសន្ទុះយ៉ាងខ្លាំងក្នុងដើមឆ្នាំនេះ។

ក្នុងនោះ ការស្តារឡើងវិញក្នុងវិស័យប្រើប្រាស់ គឺត្រូវបានកែលម្អយ៉ាងជាក់ច្បាស់។ ពីខែមករាដល់ខែកុម្ភៈ ឆ្នាំនេះ ទំហំសរុបនៃការលក់រាយទំនិញប្រើប្រាស់ ក្នុងសង្គមចិនបានកើនឡើង៦.៧ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នាឆ្នាំ២០២១ ដែលខ្ពស់ជាងការប៉ាន់ប្រមាណជា ៣ភាគរយ របស់សេដ្ឋវិទូ ដែលបានផ្តល់បទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មាន Bloomberg នៅពេលកន្លងទៅនេះ។

ក្រៅពីនេះ នៅខែមករានិងខែកុម្ភៈ ឆ្នាំនេះ វិស័យផលិតកម្មឧស្សាហកម្ម ការវិនិយោគនិងការនាំចេញនាំចូលរបស់ចិនជាដើម សុទ្ធតែសម្រេចកំណើនលឿនបង្គួរ ព្រមពេលជាមួយគ្នានេះ បានរក្សាស្ថិរភាពក្នុងវិស័យឱកាសការងារនិងតម្លៃទំនិញ។ ការនេះបានបង្ហាញថា ដំណើរការសេដ្ឋកិច្ចរបស់ចិនបានរក្សានិន្នាការ ដែលមានភាពរីកចម្រើនប្រកបដោយស្ថិរភាព ហើយនិន្នាការទូទៅនៃសេដ្ឋកិច្ចចិនដែលមានភាពល្អប្រសើរ និងមានស្ថិរភាពក្នុងរយៈពេលយូរមិនកែប្រែទេ។ នេះគឺជាមូលហេតុដែលរដ្ឋាភិបាលចិន បានកំណត់ការប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចឆ្នាំនេះ នៅត្រង់ប្រហែល៥.៥ភាគរយ និងសម្រេចបាននូវ «កំណើនល្បឿនមធ្យមនិងលឿនលើមូលដ្ឋានខ្ពស់»។

ពិតមែនតែជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក នាពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោក មានភាពច្របូកច្របល់និងមូលដ្ឋាន នៃសេដ្ឋកិច្ចរបស់ចិន ក្នុងការបន្តស្តារឡើងវិញមិនសូវរឹងមាំក៏ដោយ ក៏ប៉ុន្តែចន្លោះនិងឧបករណ៍នៃគោលនយោបាយម៉ាក្រូរបស់ចិន បានត្រៀមលក្ខណៈយ៉ាងគ្រប់គ្រាន់។ ទីផ្សារបានរំពឹងទុកជាទូទៅថា កម្លាំងគាំទ្រការលំនឹងកំណើនជាបន្តបន្ទាប់របស់ចិន នឹងមិនប្រែខ្សោយនោះទេ។ ចំណែកប្រព័ន្ធហិរញ្ញវត្ថុ ដែលបានផ្តល់កម្លាំងជំរុញដល់ អង្គភាពសេដ្ឋកិច្ចពិតឱ្យកាន់តែល្អប្រសើរ វានឹងជំរុញការវិលជុំយ៉ាងល្អប្រសើរនឹង ការពារសេដ្ឋកិច្ចប្រទេសចិនឱ្យទទួលបាន ការអភិវឌ្ឍប្រកបដោយភាពរឹងមាំ ស្ថិរភាពនិងនិរន្តរភាព ក៏ដូចជាជំរុញឱ្យបញ្ជូនភាពកក់ក្តៅ និងរស់រវើកក្នុងការស្តារសេដ្ឋកិច្ចចិនឡើងវិញ ទៅដល់ទូទាំងពិភពលោកផងដែរ៕